ស្លាប់ម្នាក់និង៣នាក់របួសធ្ងន់ក្នុងករណីម៉ូតូបើកបុកម៉ូតូនៅស្រុកមុខកំពូល

​កណ្ដាល ៖​ មនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រី៣នាក់ទៀតទទួលរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូបុកគ្នាពេញមួយទំហឹង នៅវេម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៤-២៥  ស្ថិតក្នុងភូមិលើ ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា​ ភាគីម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មឿន យ៉ារ៉ែន (ហៅអ៊ួក) ភេទប្រុស អាយុ៣០ឆ្នាំរងរបួសធ្ងន់រួមដំណើរជាមួយម្នាក់ឈ្មោះ ហូយ ហាក់ ភេទប្រុស អាយុ៥៦ឆ្នាំ បាត់បង់ជីវិត។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ 

​ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-3626 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (របួសធ្ងន់សន្លប់បាត់ស្មារតី) ដោយមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សុក ចាន់ធី ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះចូរាមឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់)។

​ប៉ូលិសបន្ដថា ដំបូងម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ដោយមានមនុស្សម្នាក់រួមដំណើរពីក្រោយ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបង្កខាងលើ ក៏បានជ្រុលចង្កូតមកបុកម៉ូតូហុងដាវ៉េវ ចំពីមុខពេញមួយទំហឹង ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ហូយ ហាក់ ជាអ្នករួមដំណើរលើម៉ូតូស៊ុយហ្ស៊ូគីវីវ៉ាបាត់បង់ជីវិតនៅកន្លែងកើតហេតុ រីឯជនរងគ្រោះ៣នាក់ជាអ្នកបើកបរម៉ូតូទាំងសង្ខាងទទួលរងរបួសធ្ងន់។

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង៣នាក់ដែលទទួលរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានប៉ូលិសចរាចរណ៍ស្រុក ចុះមកអន្ដរាគមន៍ ធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab