ពួកចោរ៤នាក់លួចម៉ូតូបានហើយប៉ូលិសដេញទាន់ផ្តួលម៉ូតូចោលចាប់បាន២នាក់

កណ្ដាល​ ៖ ប៉ូលិសស្រុកស្អាង សហការជាមួយកម្លាំងប៉ូលិសស្រុកកោះធំ បានចុះបង្រ្កាបពួនស្ទាក់ចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីក្រុមជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋទុកនៅខាងមុខផ្ទះ តែលួចពុំបានសម្រេច នៅវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា ជនសង្ស័យសរុបមានគ្នា៤នាក់ ចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ជា ម៉ា ហៅអាជ្រុយ ភេទប្រុស អាយុ៣៥ឆ្មាំ ជនជាតិខ្មែរ រើសអេតចាយ មានស្រុកកំណើតនៅភូមិពេចនា ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះម៉េង លីហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅម្ដុំគីរីរម្យ រាជធានីភ្នំពេញ។ 

​ជនសង្ស័យ២នាក់ទៀតរត់គេចខ្លួន ទី១-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងទី២-ឈ្មោះ  តន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅម្ដុំពេទ្យរុស្សី រាជធានីភ្នំពេញ។ 

​ចំណែកជនរងគ្រោះឈ្មោះ ទី ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងដកហូតបានមានម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌គ្រាប់អំពិល ស៊េរីឆ្នាំ២០០៧ ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1O-6391 មានស្នាមបាក់ក្បាលម៉ូតូ។

​តាមការបំភ្លឺរបស់ឈ្មោះ ទី ធី ជាជនរងគ្រោះថា នៅមុនពេលកើតហេតុ ខ្លួនបានយកម៉ូតូរបស់ខ្លួនមកទុកនៅខាងមុខផ្ទះ ដោយពុំបានដកសោរចេញពីម៉ូតូនោះទេ រួចខ្លួនក៏ដើរចូលទៅក្នុងផ្ទះរបស់ខ្លួនវិញទៅ។ លុះបានមួយសន្ទុះក្រោយមក ស្រាប់តែមានជនជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមកឈប់នៅខាងមុខផ្ទះ។ 

​ភ្លាមនោះជនសង្ស័យឈ្មោះ ម៉េង លីហុង ក៏បានចុះពីលើម៉ូតូបក្ខពួករបស់ខ្លួន រួចឡើងជិះម៉ូតូជនរងគ្រោះដែលទុកនៅខាងមុខផ្ទះ ខណៈនោះជនរងគ្រោះជាម្ចាស់ម៉ូតូដើរចេញពីក្នុងផ្ទះ ហើយបានក្រឡេកឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនក៏ផ្អើលឆោឡោស្រែកថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូជនរងគ្រោះចេញទៅបាត់។ 

​ភ្លាមនោះជនរងគ្រោះជាម្ចាស់ម៉ូតូ រួមទាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំ បានជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ ធ្វើឲ្យជនសង្ស័យជិះម៉ូតូរេចង្កូតជ្រុលទៅបុករបងថ្មរបស់ពលរដ្ឋនៅក្នុងភូមិព្រែក ឃុំព្រែកគយ រួចទុកម៉ូតូចោល ហើយឡើងជិះម៉ូតូជាមួយបក្ខពួករបស់ខ្លួនរត់គេចខ្លួនបាត់ ដោយជិះទៅតាមបណ្ដោយផ្លូវលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង។

​បន្ទាប់ពីជនសង្ស័យ៤នាក់ជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ភ្លាមនោះលោកវរសេនីយ៍ឯក សេង សុជាតិ អធិការប៉ូលិសស្រុកស្អាង បានធ្វើការសហការជាមួយកម្លាំងប៉ូលិសស្រុកកោះធំ ចុះធ្វើការពួនស្ទាក់ រហូតចាប់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចភូមិកោះទៀវក ឃុំសំពៅពូន ស្រុកកោះធំ រីឯជនសង្ស័យ២នាក់ទៀតបានរត់គេចខ្លួនបាត់។ 

​បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ដែលចាប់ខ្លួនបាន សមត្ថកិច្ចជំនាញយកមកអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានប៉ូលិសខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។ ដោយឡែកជនសង្ស័យដែលរត់គេចខ្លួន២នាក់ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវចាត់ការបន្ដទៀត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab