ទំនាស់រឿងជំពាក់លុយ២ម៉ឺនរៀលឈានដល់ប្រើហិង្សារបួស២នាក់, ចាប់ខ្លួនម្នាក់

​កណ្ដាល ៖ ប៉ូលិសស្រុកស្អាង បានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប្រើអំពើហិង្សាដោយចេតនា នាថ្ងៃទី៨ កុម្ភៈ ២០១៩ បន្ទាប់ពីជនសង្ស័យនិងជនរងគ្រោះទាស់ពាក្យសម្ដីគ្នាយកកាំបិតកាប់ទៅលើគូជម្លោះរបស់ខ្លួនដែលផឹកជាមួយគ្នា បណ្ដាលឱ្យរងរបួស នៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថន ប៊ុនថេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ២នាក់ ទី១-ឈ្មោះ នី វាស្នា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានរបួសស្មាខាងស្ដាំ ) និងទី២-ឈ្មោះ នី នឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ (មានរបួសនៅក្បាលផ្នែកខាងមុខ)។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ កាំបិតផ្គាក់ចំនួនមួយ (ជារបស់ជនសង្ស័យ) និងដែកបំពង់ទីបចំនួនមួយដើម (ជារបស់ជនរងគ្រោះ)។

​ប៉ូលិសបន្ដថា  វេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាទិញស្រាយកមកផឹក។ លុះផឹកបានមួយសន្ទុះជនរងគ្រោះនិងជនសង្ស័យមានសភាពស្រវឹង ក៏និយាយទាក់មាត់ទាក់ក.គ្នា ពីរឿងលុយខ្ចីគេចំនួន២ម៉ឺនរៀល។ បន្ទាប់ពីមានការជជែកទាស់ពាក្យសម្ដីគ្នារួច ភ្លាមនោះជនរងគ្រោះឈ្មោះ នី វាស្នាក៏បានមកផ្ទះមុន រីឯឈ្មោះ ថន ប៊ុនថេត ក៏ទៅផ្ទះរបស់ខ្លួនរួចយកកាំបិតដើរសំដៅទៅរកជនរងគ្រោះឈ្មោះ នី វាស្នា បានជួបគ្នានៅចំណុចផ្លូវខាងមុខផ្ទះឈ្មោះ ម៉ន សុងហេង រួចក៏បានទាក់ពាក្យសំដីគ្នាម្ដងទៀត។

​ខណៈនោះ ឈ្មោះ នី វាស្នា កាន់ដែកបំពង់ទីប ចំណែកឈ្មោះថន ប៊ុនថេត (ជនសង្ស័យ) ក៏បានយកកាំបិតកាប់ត្រូវឈ្មោះ នី វាស្នា ត្រូវចំស្មាខាងស្ដាំ១កាំបិតឃើញដូច្នេះឈ្មោះ នី នឿន ត្រូវជាបងប្រុសបង្កើតឈ្មោះ នី វាស្នា ក៏ចូលទៅឃាត់ ភ្លាមនោះជនសង្ស័យឈ្មោះ ថន ប៊ុនថេត ក៏យកកាំបិតកាប់ទៅលើឈ្មោះ នី នឿន មួយកាំបិតចំក្បាលបន្ថែមទៀត រួចក៏រត់គេចខ្លួនបាត់។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំងពីរនាក់ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលរបួសនៅពេទ្យប្រតិបត្ដិស្រុកស្អាង។

​បន្ទាប់មកសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្អាងភ្នំទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្ដិ៍ក៏បានធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ យកមកអធិការដ្ឋានស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab