លោក Maurizio Sarri: ខ្សែប្រយុទ្ធ Gonzalo Higuainស័ក្តិសមនឹងទម្រង់លេង

        លោក Maurizio Sarriជឿថា ខ្សែប្រយុទ្ធ Gonzalo Higuainបានបង្កើត​ឥទ្ធិពលរួច​ហើយ​មក​លើ​ក្រុម​ឆេលស៊ី​ ហើយ​លោកអះអាងថា កីឡាកររូបនេះគឺជា​ខ្សែប្រយុទ្ធ​ដ៏ស័ក្តិសម​ ដើម្បី​ធ្វើ​ឲ្យ​ទម្រង់បាល់​ទាត់​របស់​លោករស់​ឡើង​វិញ។

        គ្រូបង្វឹក​សសញ្ជាតិ​អ៊ីតាលី​រូបនេះ​ធ្លាប់​ដឹកនាំ Gonzalo នាពេល​កន្លង​មក​នៅ​ក្លឹប Napoli ហើយ​ក្នុងមួយរដូវកាល​ ខ្សែប្រយុទ្ធ​រូបនេះ​រកបាន​៣៦គ្រាប់​។

        Gonzalo រកបាន​២គ្រាប់​ អំឡុង​ប្រកួត​ឈ្នះ​ក្រុម Huddersfield៥-០កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ដើម្បី​បើក​ទំព័រ​ថ្មី​ជាមួយ​ក្រុម​ឆេលស៊ី​ បន្ទាប់ពី​ធ្វើ​មិន​សូវ​បាន​ល្អ អំឡុង​ពេលខ្ចីជើងជាមួយ​ក្រុម AC Milan ទីដែល​កីឡាករ​រូបនេះរកបាន​ត្រឹម​៨គ្រាប់​ បន្ទាប់ពី​ត្រូវ​បាន​បង្ខំឲ្យចាកចេញពី​ក្រុម Juventus នៅ​ពេល​ Cristiano Ronaldo មក​ដល់។

        នៅ​ពេល​ប្រាប់​ថា Gonzalo ចាត់ទុកលោកដូចជា​ឪពុក លោក Sarri បាន​និយាយបែប​កំប្លែងថា “​ខ្ញុំសង្ឃឹមថា ខ្ញុំគឺជាឪពុក​​បាល់ទាត់។ ខ្ញុំ​មិន​ស្គាល់​ម្តាយ​របស់​ ហ្គុនហ្សាឡូ ទេ។ គាត់​បាន​ឆ្លើយ​តប​បាន​ល្អចំពោះ​ការ​លំបាក​។ គាត់ត្រូវ​ការ​ទំនុកចិត្ត​និង​ទំនាក់ទំនងល្អជាមួយ​គ្រូបង្វឹក”។

        ទម្រង់បាល់ទាត់របស់​លោកSarri ហាក់ដូចជា​មិន​សូវ​ជោគជ័យទេនៅរដូវកាល​នេះ ខណៈ​ពេល​ខ្សែប្រយុទ្ធ Olivier Giroudនិង​ Alvaro Morataធ្វើ​មិន​បាន​ល្អនៅ​តំបន់​ប្រយុទ្ធ ស្របពេល​ Eden Hazard ព្យាយាម​បំពេ​ញតួនាទី​ជំនួស​ខ្សែប្រយុទ្ធ​ផងដែរ។

        លោក Sarri ជឿថា Gonzalo គឺស័ក្តិសម​មែនទែន ហើយ​ថា កីឡាករ​រូបនេះ​នឹង​បង្កើត​ការ​យល់​គ្នា​ជាមួយ​ Hazard។ លោក Sarri បាន​និយាយថា “​ Gonzalo ស័ក្តិសម​មែនទែន​ជាមួយ​បាល់​ទាត់​របស់​ខ្ញុំ”៕

adverise with khmeread