គ្រោះថ្នាក់ចរាចរណ៍កម្រិតធំកើតឡើង២លើកបណ្តាលឱ្យស្លាប់២នាក់ និងរបួស៥នាក់នៅក្រុងព្រះសីហនុ

​ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតធំកើតឡើង២លើកនៅក្រុងព្រះសីហនុ​ បណ្តាលឱ្យស្លាប់២នាក់និងរបួស៥នាក់​ ហើយរថយន្តបែនដឹកថ្មក្រួសជ្រុលបុកចូលផ្ទះលក់ដូ​រ​ បានបង្កជាគ្រោះអគ្គិភ័យថែមទៀត​ តែត្រូវបានសមត្ថកិច្ចជួយពន្លត់ទាន់ពេល​។ 

​ករណីទី១- មានគ្រោះថ្នាក់ចរាចរណ៍មួយករណីលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខព្រះសីហនុ៣A-១៥៤៧ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ កាលពី វេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។ 

​លុះដល់ចំណុចខាងលើរថយន្តបត់ឆ្វេងឆ្លងកាត់ផ្លូវ ជ្រុលទៅបុកម៉ូតូ ០១គ្រឿងទិសដៅស្របគ្នា ម៉ូតូម៉ាក EXCITER គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទី សៀអ៊ីថា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ធី ចន្ទ្រា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

​គ្រោះថ្នាក់នេះបណ្ដាលឱ្យ ឈ្មោះ ទី សៀអ៉ីថា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ និង ឈ្មោះ ធី ចន្ទ្រា អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ 

​ករណីទី២- ស្ត្រីម្នាក់ដែលស្លាប់ពេលកំពុងទិញទំនិញក្នុងផ្ទះលក់ចាប់ហួយ ហើយត្រូវរថយន្តបុករះនៅផ្លូវកែងរ៉ា កាលពីរសៀលថ្ងៃ៩ កុម្ភៈ ២០១៩ ត្រូវបានប្រជាពលរដ្ឋឱ្យដឹងពីសាវតាថា ស្ត្រីរងគ្រោះឈ្មោះ ម៉ម ស្រីណូ អាយុ២៣ឆ្នាំ មានមុខរបជាបុគ្គលិកកាស៊ីណូ និងជាបង្គោលក្នុងគ្រួសារ ដែលទទួលចិញ្ចឹមម្តាយមេម៉ាយ និងចិញ្ចឹមក្មេងកំព្រា២នាក់ទៀត (ម្នាក់ពិការ) នៅក្នុងបន្ទុក។ គ្រួសារស្តីរងគ្រោះរស់នៅផ្ទះជួលជិតកន្លែងកើតហេតុ និងថាការបាត់បង់ស្ត្រីរងគ្រោះម្នាក់នេះ ធ្វើឱ្យក្រុមគ្រួសារក្នុងបន្ទុកជួបបញ្ហាផ្នែកជីវភាពយ៉ាងខ្លាំងមិនខាន។

​ប៉ូលិសនិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង២៥នាទីល្ងាច លើផ្លូវវិថីផែ ត្រង់ចំណុចកែងរ៉ា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បង្កដោយ រថយន្តបែនដឹកថ្មក្រួស មានទិសដៅចុះផ្លូវចំណោតចូលក្រុងព្រះសីហនុ បានដាច់ហ្រ្វាំង រួចក៏ជ្រុលទៅបុករថយន្តចំនួន ០២ គ្រឿង ម៉ូតូ ០៣ គ្រឿង និង ផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយនៅជាយផ្លូវមួយកន្លែងទៀត ក្នុងនោះភ្លាមៗកើតចេញជាអគ្គិភ័យដែរ ប៉ុន្តែត្រូវបានសមត្ថកិច្ចពន្លត់ទាន់មិនឱ្យឆេះរាលដាល។

​ប៉ូលិសបន្តថា គ្រោះថ្នាក់នេះបណ្ដាលឱ្យ ស្លាប់មនុស្សម្នាក់ជាស្ត្រី ដែលជាភ្ញៀវចូលទៅទិញទំនិញក្នុងផ្ទះលក់ចាប់ហួយ និងរងរបួសមនុស្សចំនួន ០៤នាក់ផ្សេងទៀត (ស្រី ០២នាក់) បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើ ក្នុងនោះអ្នកបើកបររថយន្តបង្ករងរបួសធ្ងន់។ 

​ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចាត់ចែងតាមនីតិវិធី ដូចជាស្រង់ព័ត៌មានអំពីសាវតាជនរងគ្រោះ អ្នកបើកបររថយន្តបង្ក និងយានយន្តទាំងអស់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

​    

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab