សមត្ថកិច្ចសម្រេចបំផ្ទុះគ្រាប់បែកកំណត់ម៉ោងនៅកាស៊ីណូ Golden Gate ប្រកបដោយជោគជ័យ

បន្ទាយមានជ័យ​ ៖ មានករណីប្រទះឃើញគ្រាប់បែកកំណត់ម៉ោងមួយគ្រាប់ ដែលបង្កៃចោលក្នុង​កាស៊ីណូGolden Gate ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។ 

សមត្ថកិច្ចសន្តិសុខខេត្តបន្ទាយមានជ័យ ​បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ។ បន្ទាប់មកស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយឃើញហេតុការណ៍យ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ មកជួយអន្ដរាគមន៍​។

មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា​ នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់ម៉ោងដើម្បីបំផ្ទុះ។ 

ភ្លាមៗនោះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានរកដំណោះស្រាយ ដើម្បីដោះគ្រាប់បែកនេះចេញ។

រហូតដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងជំនាញ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (ស៊ីម៉ាក់) បានសម្រេចបំផ្ទុះគ្រាប់បែកបង្កៃកំណត់ម៉ោងផ្ទុះចោល នៅក្នុងទូកញ្ចក់មួយ ខាងក្រៅបរិវេណកាស៊ីណូហ្គោលឌែន  តែម្តង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដល់មនុស្សនៅជុំវិញកន្លែងកើតហេតុ ប្រកបដោយជោគជ័យ៕


 

adverise with khmeread
tiger
Loading ad ...