គ្រោះថ្នាក់ចរាចរណ៍៣លើកបាត់បង់ជីវិត២នាក់​ និងរបួស៤នាក់​នៅខេត្តកណ្តាល

​កណ្ដាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើកក្នុងទឹកដីខេត្តកណ្តាល​ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត២នាក់​ និងរបួស៤នាក់​។ 

​ករណទី១-បុរសម្នាក់របួសធ្ងន់ខណៈបើកម៉ូតូបុករថយន្ដបុកពេញមួយទំហឹងកំពុងបត់ឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលឱ្យបុរសជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ​កើតឡើងនៅវេលាម៉ោង៨ និង១២នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិទួលងោគ ​ឃុំកំពង់លួង ស្រុកពញាឮ​ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនរងគ្រោះរងរបួសធ្ងន់ជនពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក HONDA  WAVE ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GF-6407​។ ចំណែករថយន្ដម៉ាក FORDRANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-2592 បើកបរដោយឈ្មោះ អ៊ុំ សុធឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិចំការលួង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។

​ប៉ូលិសបន្ដថា ដំបូងរថយន្ដ FORDRANGER ខាលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង​។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបត់ឆ្វេងដើម្បីប្ដូរគន្លងផ្លូវ ក្នុងគោលបំណងត្រឡប់ទៅក្រោយវិញ​។ 

​ខណៈដែលឆ្លងផ្លូវ អ្នកបើកបររថយន្ដខាងលើពុំបានមើលឆ្វេង មើលស្ដាំឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ ស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើងក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ បានបុកជាមួយរថយន្តចំហៀងផ្នែកខាងឆ្វេង នៃរថយន្ត បណ្តាលឱ្យជនរងគ្រោះដួលទៅនឹងផ្លូវរងរបួសធ្ងន់តែម្ដង​។

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ​។ ឯមធ្យោបាយពាក់ព័ន្ធត្រូវបានប៉ូលិសចរាចរណ៍ស្រុក ចុះធ្វើការពិនិត្យវាស់វែង និងដកហូតយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។ 

​ករណីទី២-យុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ខណៈបើកម៉ូតូជែងរថយន្ដនៅខាងមុខមិនផុតជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នា កាលពីថ្ងៃទី​ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីរសៀល លើកំណាត់ផ្លូវលេខ២០បេ ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​។

​ប៉ូលិសនិយាយថា ជនរងគ្រោះស្លាប់ឈ្មោះ ​អឿន សំអាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១០ ពណ៌ខ្មៅ គ្មានស្លាកលេខ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អឿន អែម ភេទប្រុស អាយុ២០ឆ្នាំ (រងរបួសធ្ងន់)។ ជនរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិពោធិ៍ដុះ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។ 

​ចំណែកភាគីខាងរថយន្ដម៉ាកសាំយ៉ុង ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-7981 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់​។

​ប៉ូលិសបន្ដថា ដំបូងជនរងគ្រោះជាអ្នកបើកបរម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០បេ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរជាមួយម្នាក់ផងដែរ​។ លុះបើកមកដល់ចំណុចកើតហេតុជនរងគ្រោះ បានបន្ថែមល្បឿនវ៉ាជែងរថយន្ដមួយគ្រឿងបើកស្របទិសគ្នានៅខាងមុខ តែវ៉ាមិនផុតក៏បានបុករថយន្ដម៉ាកសាំងយ៉ុងមួយគ្រឿងទៀត បើកបរក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។​ រីឯអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់​។ ដោយឡែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់​។

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ​។ ដោយឡែករថយន្ដនិងម៉ូតូត្រូវបានប៉ូលិសជំនាញចរាចរណ៍ស្រុក ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។ 

​ករណីទី៣-មានករណីរថយន្ដបុកម៉ូតូ២គ្រឿងនិងបន្ដបុកផ្ទះពលរដ្ឋលក់ដូរបន្ថែមទៀត បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។

​ប៉ូលិសនិយាយថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឃី ឃុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង2J-4716 មានអ្នករួមដំណើរម្នាក់ឈ្មោះ ដូង ចន្ធូ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ (រងរបួសធ្ងន់)​។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិរោងដំរី ឃុំក្រោក ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

ឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាគុប ធុនសេ៥០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1D-9983 បើកបរដោយឈ្មោះ ផុន  ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកណ្ដោល  ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់)​។ ចំណែកឯរថយន្ដម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6929 បើកបរដោយឈ្មោះ យូ ជែឈិន (YOO JAE CHUN) ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិកូរ៉េ បច្ចុប្បន្នស្នាក់នៅផ្ទះ៦៣៧ ក្រុម៤២ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល មានអ្នករួមដំណើរ២នាក់ ទី១-ឈ្នោះ KIM JONGGIRLl ភេទស្រី និងទី២-ឈ្មោះ KNOW JONG RAN ភេទប្រុស បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំជាមួយគ្នា។

ប៉ូលិសបន្ដថា ដំបូងរថយន្ដឡិចស៊ីបើកបរដោយជនជាតិកូរ៉េខាងលើ បានធ្វើដំណើរដោយល្បឿនលឿន តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងពីខេត្ដតាកែវមកភ្នំពេញ។       

លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ២គ្រឿងខាងលើ ដែលធ្វើដំណើរក្នុងទិសដៅច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបាត់បង់ជីវិតភ្លាមៗ។ ឯស្រ្ដីជាប្រពន្ធរួមដំណើរជាមួយរងរបួសធ្ងន់ ចំណែកជនរងគ្រោះម្នាក់ទៀតជាអ្នកបើកបរម៉ូតូហុងដាគុបទទួលរងរបួសធ្ងន់។ 

បន្ទាប់ពីរថយន្ដខាងលើបានបុកម៉ូតូជនរងគ្រោះរួច ភ្លាមនោះរថយន្ដខាងលើបានរេចង្កូតទៅបុកផ្ទះរបស់ពលរដ្ឋលក់ដូរតាមដងផ្លូវបន្ថែមទៀត បណ្ដាលឱ្យឥវ៉ាន់ និងសម្ភារៈផ្សេងៗមួយចំនួនខូចខាតផងដែរ។

ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុកកណ្ដាលស្ទឹង បានចុះអន្ដរាគមន៍ឃាត់រថយន្ដទាំងអ្នកបើកបរទុក។ ឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...