ថៅកែចិនរោងចក្រស្បែកជើងឈីមីងស៊ីនហ្វេកធើរី​ បញ្ឈប់ការងារកម្មករ៧នាក់ដោយការរើសអើងផ្ទុះការតវ៉ា

​កណ្តាល​ ៖ កម្មករ​ កម្មការិនីមួយក្រុមនៅរោងចក្រស្បែកជើងឈីមីងស៊ីនហ្វេកធើរីឯ.ក (QI MING XIN FaCTORY  Co,ltd) ដែលមានទីតាំងស្ថិត នៅភូមិទួលក្រសាំង​ ឃុំរកាខ្ពស់​ ស្រុកស្អាង​ ខេត្តកណ្ដាល​ ដែលដឹកនាំដោយលោកមឿន​ យឿងប្រធានសហជីពមូលដ្ឋាននៃសហព័ន្ធសហជីពសម្លេងយុវជនខ្មែរនៅព្រឹកថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បានធ្វើការប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ១៧ ចំណុច​ បន្ទាប់ពីលោកថៅកែរោងចក្រ​ជនជាតិចិនបញ្ឈប់តំណាងសហជីព និងកម្មករចំនួន៧នាក់ជាបន្តបន្ទាប់។

​លោក មឿន​ យឿន​ ប្រធានសហជីពមូលដ្ឋានរោងចក្រស្បែកជើងឈីមីងស៊ីនហ្វេកធើរី​ នៃ​ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានឱ្យដឹងថា​ រូបលោកតំណាងសហជីពនិងកម្មករ៧នាក់ដែលត្រូវបានលោកថៅកែបញ្ឈប់ពីការងារ​ រួមមាន១-រូបលោក, ២-អ្នកស្រីហួន​ ស្រីលីន, ៣-លោកអ៊ុន​ ធារ៉ុង​, ៤- អ្នកស្រីថុល​ ធីម​​, ៥-លោកសេស​ សុផល​, ៦ អ្នកស្រីសៀង​ សុខលី​ និង ៧- កញ្ញាប៉ែត​ ហឿន​​។ 

​លោកមឿន​ យឿន​ បានបន្តថា​ នៅថ្ងៃទី ៧មករា ឆ្នាំ២០១៩ កម្មករមួយក្រុមបានជួបជុំគ្នានៅភូមិទួលក្រសាំងឃុំរកាខ្ពស់​ ស្រុកស្អាង​ ដើម្បីរៀបចំបោះឆ្នោតបង្កើតសហជីពមួយមានឈ្មោះថា «សហជីពសម្លេងយុវជនខ្មែរនៃក្រុមហ៊ុនស្បែកជើងឈីមីងស៊ីនហ្វេកធើរីឯ.ក» ដោយមានការចូលរួមពីកម្មករ១១ រូបក្នុងនោះ រូបលោកមឿន​ យឿនជាប់ជាប្រធានសហជីព, អ្នកស្រីម៉ៅ​ សារ៉េតជាអនុប្រធានសហជីព​​, អ្នកស្រីហួន​ ស្រីលីសជាលេខាធិការ និង៤-លោក អ៊ុន​ ធារ៉ុង ជាប់ជាហិរញ្ញិក។ បន្ទាប់មកលោកបានផ្ញើឯកសារនៃលទ្ធផលបោះឆ្នោតនេះទៅក្រុមហ៊ុន   ប៉ុន្តែត្រូវបានសន្តិសុខក្រុមហ៊ុនបដិសេធមិនឱ្យចូលហើយលោកបានផ្ញើឯកសារតាមប្រៃសណីយ៍ចូលក្រុមហ៊ុន។ លោកក៏បានជូនដំណឹងទៅមន្ទីរការងារខេត្តកណ្ដាល, អង្គការអាយឡូនិងសមាគមរោងចក្រកាត់ដេរដើម្បីជូនជ្រាបផងដែរ។ 

​លោកមឿន​ យឿន​ បន្តថា​ ចំពោះលក្ខខណ្ឌការងារ ១៧ចំណុចដែលក្រុមលោកទាមទារ​ រួមមានទី ១-សុំឱ្យក្រុមហ៊ុនទទួលយករូបលោក ដែលក្រុមហ៊ុនបានបញ្ឈប់កាលពីថ្ងៃទី ២៩ខែមករាឆ្នាំ ២០១៩ បានចូលបម្រើការងារជាធម្មតាវិញ និងសងរំលស់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃទទួលយកធ្វើការវិញ​, ២-
សុំក្រុមហ៊ុនចេញក្រដាស់បើកប្រាក់ឈ្នួលមុនថ្ងៃកំណត់បើកប្រាក់ឈ្នួលសម្រាប់ថ្ងៃជូនកម្មករកម្មការិនី ដែលធ្វើការបើកជូន ឱ្យហើយរួចរាល់មុនម៉ោង៤នៅថ្ងៃកំណត់បើកប្រាក់ឈ្នួល​, ៣-ក្រុមហ៊ុនជួសជុលបន្ទប់ទឹកឱ្យមានអនាម័យ និងមានសាប៊ូ និងទឹកប្រើប្រាស់គ្រប់គ្រាន់ជូនកម្មករ, ៤- ក្រុមហ៊ុនធ្វើការណែនាំជនជាតិចិនប្រធានក្រុម​ ប្រធានផ្នែក
ដែលតែងតែជេរប្រមាថនិងយកស្បែកជើងវាយលើកម្មករកម្មការិនី​​, ៥-សូមក្រុមហ៊ុនរៀបចំថ្នាំពេទ្យ ឱ្យបានគ្រប់គ្រាន់ជូនកម្មករនិយោជិតប្រើប្រាស់ពេលឈឺម្ដងកាល, ៦-សូមឱ្យក្រុមហ៊ុនរៀបការបន្ថែមម៉ោងគិតលើគោលការណ៍ស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំ​​, ៧-ក្រុមហ៊ុនបញ្ឈប់សកម្មភាពគំរាម​កំហែង​ បណ្តេញកម្មករកម្មការិនីចេញពីការងារដោយគ្មានមូលហេតុសមរម្យ, ៨-សុំឱ្យក្រុមហ៊ុនសំអាតធុងទឹកក្នុងមួយខែពីរដងឱ្យមានអនាម័យជូនកម្មករនិយោជិត។ 

​ចំណែកទី៩- នៅពេលកម្មករកម្មការនីសុំច្បាប់សម្រាកព្យាបាលជំងឺហើយមានលិខិតបញ្ជាក់ត្រឹមត្រូវពីគ្រូពេទ្យសូមឱ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួលប្រាក់រង្វាន់ និងអត្ថប្រយោជន៍ផ្សេងៗនៅដដែលជូនកម្មករ,១០-សូមឱ្យក្រុមហ៊ុនរៀបចំដាក់កង្ហារតាមអគារក្រុម​ ផ្នែក​ ឱ្យបានគ្រប់គ្រាន់ទេព្រោះបច្ចុប្បន្នក្តៅខ្លាំងណាស់​, ១១- សុំក្រុមហ៊ុនចាត់វិធានការចំពោះតំណាងសហជីពសេរីពលករខ្មែរដែលតែងតែបង្ខិតបង្ខំ​ គំរាមកំហែងកម្មករកម្មការិនីមិនឱ្យចូលជាសមាជិកខ្លួនទេគឺមិនបន្តកិច្ចសន្យាការងារទៀត, ១២- សុំក្រុមហ៊ុនអនុវត្តឱ្យបានត្រឹមត្រូវចំពោះម៉ោងចូលធ្វើការនិងចេញធ្វើការជូនកម្មករ, ១៣- សុំក្រុមហ៊ុនសងប្រាក់រំលឹក៥% ដែលក្រុមហ៊ុនមិនបានផ្តល់ជូនកន្លងមករហូតដល់បច្ចុប្បន្នជូនកម្មករកម្មការិនី, ១៤- សុំក្រុមហ៊ុនបញ្ឈប់សកម្មភាពរើសអើង និងបញ្ឈប់ជាស្ត្រីមានផ្ទៃពោះពីការងារដោយគ្មានមូលហេតុសមរម្យ, ១៥- សុំក្រុមហ៊ុនបង្កលក្ខណៈឱ្យបានមានភាពងាយស្រួលក្នុងការសុំច្បាប់មានធុរៈម្តងម្កាលជូនកម្មករ, ១៦- សូមឱ្យក្រុមហ៊ុនរៀបចំទឹកស្អាតឱ្យបានគ្រប់គ្រាន់ជូនកម្មករបរិភោគ និង១៧- ក្រុមហ៊ុនសាងសង់រោងនិងកន្លែងសម្រាប់ញ៉ាំបាយជូនកម្មករកម្មការិនី។


 
​ចុងក្រោយលោកមឿន​ យឿន​ បានសំណូមពរទៅលោកបណ្ឌិតអ៊ិត​ សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ មេត្តាជួយធ្វើអន្តរាគមន៍ទៅនាយករោងចក្រស្បែកជើងឈីមីងស៊ីនហ្វេកធើរីឯ.ក​ ឱ្យឈប់រើសអើង និងធ្វើទុកបុកម្នេញចំពោះថ្នាក់ដឹកនាំសហជីពសម្លេងយុវជនខ្មែរព្រមទាំងទទួលយកពួកគាត់បានចូលធ្វើការវិញជាធម្មតា។ ជាពិសេស​ សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយអន្តរាគមន៍ដល់ពួកគាត់បានចូលធ្វើការវិញដើម្បីរកចំណូលមកដោះស្រាយជីវភាពក្នុងគ្រួសារដែលកំពុងជួបការលំបាក។ 

​ជុំវិញករណីខាងលើនេះ​ អ្នកសារព័ត៌មាន​ មិនអាចសុំការបំភ្លឺពីលោកថៅកែរោងចក្រជនជាតិចិន​ បាននៅឡើយរហូតដល់រសៀលថ្ងៃទី១១កុម្ភៈនេះ​  ដោយសារពុំមានលេខទូរស័ព្ទ​​៕


 

adverise with khmeread