ការលក់ទូរស័ព្ទ iPhone នៅចិនធ្លាក់ចុះជាង២០ភាគរយស្របពេល Huawei ក្តោបក្តាប់ចំណាត់ថ្នាក់លេខ១លើទីផ្សារចិន

ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ទៅលក់នៅប្រទេសចិនបានធ្លាក់ចុះប្រមាណ ២០ ភាគរយនៅក្នុងត្រីមាសចុងក្រោយឆ្នាំ ២០១៨ ដោយគូសបញ្ជាក់ពីទំហំនៃការថយចុះការលក់ដ៏ធំរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅក្នុងទីផ្សារទូរស័ព្ទចល័តធំបំផុតរបស់ពិភពលោកធៀបនឹងគូប្រជែងក្នុងស្រុកដូចជាក្រុមហ៊ុន Huawei Technologies។

ក្រុមហ៊ុនស្រាវជ្រាវ IDC បានឱ្យដឹងក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទទី១១កុម្ភៈថា ទីផ្សារចិនសរុបបានធ្លាក់ចុះ ៩,៧ ភាគរយនៅត្រីមាសទីបួន ប៉ុន្តែក្រុមហ៊ុន Apple បានធ្លាក់ចុះការលក់ប្រហែលពីរដងនៃល្បឿនធ្លាក់ចុះនោះ។

IDC បាននិយាយថា សេដ្ឋកិច្ចយឺតយ៉ាវ ការអូសបន្លាយពេលវេលាយូរដើម្បីចេញទូរស័ព្ទមួយៗ និងតម្លៃថ្លៃកប់ពពករបស់ iPhone បានរួមចំណែកដល់ការធ្លាក់ចុះរបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះនៅក្នុងប្រទេសចិន។

ក្រុមហ៊ុន IDC បាននិយាយថា ក្រុមហ៊ុន Xiaomi បានធ្លាក់ចុះការលក់កាន់តែយ៉ាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយកាលពីឆ្នាំមុន នៅពេលការនាំចេញទូរស័ព្ទបានធ្លាក់ចុះជិត ៣៥ ភាគរយ។

ស្មាតហ្វូនល្បីៗមកពីក្រុមហ៊ុន Apple រហូតដល់ក្រុមហ៊ុន Samsung Electronics កំពុងតែប្រជែងគ្នាក្នុងទីផ្សារសកលលោកដ៏ចាល់ បន្ទាប់ពីមានការរីកចម្រើនឥតឈប់ឈរអស់រយៈពេលជាច្រើនឆ្នាំមកនេះ ព្រោះកង្វះការច្នៃប្រឌិតផ្នែកឧស្សាហកម្មបានធ្វើឱ្យអ្នកប្រើប្រាស់មិនចង់ប្តូរទូរស័ព្ទរបស់ពួកគេញឹកញាប់ដូចកាលពីមុន។

ក្រុមហ៊ុន Apple ក៏ត្រូវប្រឈមនឹងការកើនឡើងរបស់គូប្រជែងនៅប្រទេសចិនផងដែរ ដូចជា ក្រុមហ៊ុន Huawei ដែលកំពុងកាត់បន្ថយចំណែកទីផ្សាររបស់ខ្លួនយ៉ាងច្រើន ខណៈដែលចិនធ្លាប់ជាទីផ្សារដ៏សំខាន់ដែលជំរុញដល់កំណើនរបស់ខ្លួន។

ហាងលក់រាយគ្រឿងអេឡិចត្រូនិចកំពូលៗរបស់ចិនបានទម្លាក់តម្លៃទូរស័ព្ទ iPhone ចុងក្រោយដល់ទៅ ២០ ភាគរយកាលពីប៉ុន្មានខែកន្លងទៅនេះ ដែលជាចំណាត់ការមិនធម្មតាមួយបង្ហាញពីការស្រុតចុះចំណង់ចំណូលចិត្តសម្រាប់ទូរស័ព្ទរបស់ Apple។

យោងតាមក្រុមហ៊ុន IDC បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានបង្កើនការនាំមុខរបស់ខ្លួន បន្ទាប់ពីការនាំចេញស្មាតហ្វូនបានកើនឡើង ២៣,៣ ភាគរយ ពោលគឺនាំមុខគ្រប់ទូរស័ព្ទល្បីៗទាំងអស់។ កំណើនការលក់នេះនៅតែអាចកើតឡើងបាន ទោះបីជាក្រុមហ៊ុនចិននេះកំពុងប្រឈមនឹងបញ្ហាមិនធម្មតាជាច្រើននៅប៉ុន្មានខែមកនេះ ដែលក្នុងនោះមេដឹកនាំហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំធនាគារ និងសហរដ្ឋអាមេរិកបានគាស់គីឡូសម្ព័ន្ធមិត្តគ្រាក់ៗរបស់ខ្លួនដើម្បីព្យាយាមរាំងខ្ទប់ក្រុមហ៊ុន Huawei មិនឱ្យលក់ទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន។

IDC បាននិយាយថា ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ ៤ លើការនាំចូលទូរស័ព្ទទៅក្នុងប្រទេសចិនក្នុងអំឡុងត្រីមាសទីបួន ខណៈ Huawei ឈរនៅលេខ១ Oppo លេខ២ និង Vivo លេខ៣៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...