ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនបរទេសម្នាក់បានសម្រេច ហើយទៅសម្ងំលាក់ខ្លួន នៅម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងបន្ទប់ជួល ផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស៊ុន សុភក្ត្រា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកឯ ម្ចាស់ទូរស័ព្ទ ជាជនបរទេស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ប៉ូលិសដកហូតម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០១៨។
ប៉ូលិសបន្តថា ជនសង្ស័យបានជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទ IPhone X ពណ៌ខ្មៅ ពីបុរសជនជាតិចិន នៅវេលាយប់ថ្ងៃកើតហេតុ នៅចំណុចម្ដុំគីរីរម្យ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយសារទូរស័ព្ទមានភ្ជាប់ GPS ទើបសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ ត្រូវបានកម្លាំង បញ្ជូនទៅធ្វើការសាកសួរ នៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ រង់ចាំចាត់ការបន្តតាមនីតិវិធី៕
