ប្រធានាធិបតីវេណេស៊ុយអេឡារៀបចំសមយុទ្ធយោធាធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈប្រទេសច្រើនឡើងគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បាប់

លោកប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានចាប់ផ្តើមនូវអ្វីដែលលោកអះអាងថាជា សមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

លោក Maduro កំពុងប្រឈមនឹងការតស៊ូរក្សាអំណាច បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក Juan Guaido ត្រូវបានទទួលស្គាល់ដោយបណ្តាប្រទេសចំនួន ៥០ ជាប្រធានាធិបតីបណ្តោះអាសន្ន។

ប៉ុន្តែមេដឹកនាំរឹងទទឹងវ័យ ៥៦ ឆ្នាំដែលបានទទូចថាប្រទេសជាតិត្រូវតែត្រៀមការពារអធិបតេយ្យភាពបូរណភាពទឹកដី និងឯករាជ្យភាពរបស់ខ្លួន នៅពេលលោកបានចាប់ផ្តើមធ្វើសមយុទ្ធយោធាមួយទៀតនៅឯបន្ទាយ Guaicaipuro Fort ក្នុងរដ្ឋ Miranda ។

លោក Maduro បានបង្ហោះរូបថតមួយចំនួននៅលើ Twitter ដោយបង្ហាញហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងបន្ទាយយោធា និងរថក្រោះជាច្រើនបើកឡើងហុយដីទ្រលោម។

គាត់ក៏ត្រូវបានគេមើលឃើញថាកំពុងត្រួតពិនិត្យអាវុធនៅចំពោះមុខទាហានដែលស្រែកអបអរសាទរ។ កងទ័ពវេណេស៊ុយអេឡាក៏បានប្រកាសថាខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធដើម្បីពង្រឹងសមត្ថភាពការពាររបស់ប្រទេសផងដែរ។

យោងតាមទូរទស្សន៍ ​​RT លោក Maduro បាននិយាយថាសមយុទ្ធដែលកំពុងដំណើរការរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈនេះ គឺជាព្រឹតិ្តការណ៍ "ដ៏សំខាន់បំផុត" នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ហើយវានឹងក្លាយសមយុទ្ធដ៏ធំបំផុតដែលមិនធ្លាប់មាន។

លោកបាននិយាយថា "យើងត្រូវត្រៀមការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងឯករាជ្យ"។

នៅថ្ងៃដដែលមេដឹកនាំប្រឆាំង Juan Guaido ដែលត្រូវបានទទួលស្គាល់ដោយបណ្តាប្រទេសចំនួន ៥០ ក្នុងនាមជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេស៊ុយអេឡាបានព្រមានដល់យោធាថាការទប់ស្កាត់ជំនួយមនុស្សធម៌ពីការចូលក្នុងប្រទេសនេះគឺជា "ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ"។

ការព្រមាននេះបានកើតឡើង ខណៈដែលជំនួយអន្តរជាតិបានដើរតួសំខាន់នៅក្នុងការធ្វើតេស្តឆន្ទៈរវាងលោក Guaido និងលោក Maduro ដែលកងកម្លាំងប្រដាប់អាវុធវេណេស៊ុយអេឡាត្រូវបានគេមើលឃើញថាជាតួអង្គស្នូល៕


 

adverise with khmeread
tiger
Loading ad ...