ឃាតករសម្លាប់មនុស្សគឺជាឪពុកសម្លាប់កូនបង្កើតឯង

កណ្ដាល​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត​បានបើកកិច្ចប្រតិបត្តិការ និង លទ្ធផល ស្រាវជ្រាវ ស៊ើបអង្កេត ក្នុង រយៈពេល ៣ ម៉ោង បំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៩។

ប៉ូលិសនិយាយថា​ ក្រោយបានទទួល ព័ត៌មាន ដឹងហេតុការណ៍ ករណី ឃាតកម្ម កើតឡើង នៅវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី ១១ កុម្ភៈ ២០១៩ នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ មានប្រពន្ធកូន០២នាក់ស្រី ហើយបានលែងលះគ្នា ជាង២ ឆ្នាំមកហើយ។ ដោយមិនអាចទ្រាំរស់ជាមួយប្ដីបាន។​    

សភាពសាកសពដេកផ្កាប់មុខ ក្បាលបែរទៅទិសខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ មានស្នាមរបួសលើថ្ងាសចំហៀងខាងស្តាំ ៦ កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ។

តាមរយៈកិច្ចប្រតិបត្តិការ បើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងសកម្មភ្លាមៗ ដោយបានការចង្អុលដឹកនាំបញ្ជាពី លោកឧត្តមសេនីយទោ  អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្តកណ្ដាល មន្ត្រីជំនាញ បច្ចេកទេសនិងវិទ្យាសាស្ត្រ រួមជាមួយមន្ត្រីប៉ូលិសជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានចុះពិនិត្យទីកន្លែងកើតហេតុពិនិត្យសាកសពចាប់យកវត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុនិងបានប្រមូលប្រភពព័ត៌មានពីប្រជាពលរដ្ឋជុំវិញទីកន្លែងកើតហេតុសមត្ថកិច្ចឈានដល់ ការកំណត់បាន មុខសញ្ញាជនសង្ស័យ ជាឃាតករ ពាក់ព័ន្ធករណី ឃាតកម្ម។

ប៉ូលិសបន្តថា​ ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅ ភូមិឃុំកើតហតុ ជនរងគ្រោះស្នាក់នៅជាមួយនៅ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើតរបស់ ជនរងគ្រោះ)។ ដោយឡែកម្ដាយជនរងគ្រោះ ត្រូវជាប្រពន្ធ ជនសង្ស័យ ក៏មិនបានរស់នៅក្នុងផ្ទះនេះជាមួយប្ដី ដែរ។

វត្ថុតាងចាប់យក​ ១.ដំបងដែកបួនជ្រុងប្រហោងក្នុងរាងជាលេខ៧ ប្រវែង ១,១០*២,៥cm មានប្រឡាក់ឈាម, ២.ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២x៦ cm, ៣.អាវដៃវែងក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទកីឡាពណ៌ទឹកដោះគោ មានឆ្នូត ចំហៀង ៣ ឆ្នូត ពណ៌ខៀវ ជារបស់ជនសង្ស័យស្លៀកធ្វើសកម្មភាព។

​ប៉ូលិសបន្តទៀតថា​  នៅថ្ងៃទី ១០ កុម្ភៈ២០១៩ វេលាម៉ោង ៦ល្ងាចជនសង្ស័យ ជាឪពុកឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រីអាយុ០៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង​។ រហូតដល់ម៉ោង៨ និង១០នាទីយប់ ទើបត្រឡប់មកផ្ទះវិញដោះ ខោវែង មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី រួចក៏ ចូលដេក ក្នុងបន្ទប់ក្រោមផ្ទះ។ ពេល កំពុងដេកនៅ វេលាម៉ោងប្រហែល ២រំលងអធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរ ជនសង្ស័យ ជាឪពុកថា "អាចុយម្រាយហ្នឹងក្រ ងាប់ម៉្លេះ"។ 

ជនសង្ស័យបានតបវិញថា "ឡូឡា អី ថ្មើរ នឹងហើយមិនចូលដេក "។ ស្រាប់តែជនរងគ្រោះ ស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យ ជាឪពុកតែឪពុកគេចផុត។ រួចជនរងគ្រោះនៅបន្តជេរជនសង្ស័យដដែលៗ ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយ ជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែកចោលទៅ ខាងលិចផ្ទះ ហើយបាន ចូលសម្រាករហូតទល់ភ្លឺ។  រហូតព្រឹកឡើងមានការភ្ញាក់ផ្អើល ដឹងពីហេតុការណ៍ ថា ជនរងគ្រោះស្លាប់នៅក្រោមផ្ទះ។

​ការសន្និដ្ឋានរបស់ប៉ូលិសគឺជនរងគ្រោះ រស់នៅ មិនចុះសម្រុងមិនស្ដាប់តាមបង្គាប់ ឪពុកម្ដាយ និង ជេរប្រមាថ កន្លងមកមានរយៈពេល៥ឆ្នាំ មកហើយ។

​មូលហេតុខឹងកូន ជេរប្រមាថខ្លួន ជាឪពុក ជាញឹកញាប់។ ដោយទ្រាំមិនបានតទៅទៀត យប់មិញពេលកូនខ្លូន មកពី ស៊ីការ គេវិញ បានសួរឪពុកថា" អ្ហែង អង្កាល់បានងាប់ ?"។ ស្រវឹងស្រែកឡូឡា និងជេរ ប្រមាថ ខ្លួនក៏ចាត់ការវាយ កូន៣ដំបងដែក ពេលកូនដេកនៅលើអង្រឹងក្រោមផ្ទះ ប្រកាច់ធ្លាក់មកស្លាប់នៅដី តែម្តង​៕