កម្មករនៅតំបន់អភិវឌ្ឍន៍ 7NG​ ជាង៣ពាន់ ផ្ទុះកូដកម្មទាមទារលក្ខខណ្ឌការងារ៣ចំណុច​

កណ្តាល​ ៖​ កម្មករ​ កម្មការិនីជាង៣ពាន់នាក់​ បាននាំគ្នាធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារ៣ចំណុច​ នៅចំណុចតំបន់អភិវឌ្ឍន៍ 7NG​ រោងចក្ររោងចក្រដេរសម្លៀកបំពាក់គ្រីស្តាល់ម៉ាទីនខេមបូឌា លីមីតធីត ហៅ​ រោងចក្រទី៨ ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

​ក្រុមកម្មករនិយាយថា​ កម្មករ​ កម្មការិនី​ រោងចក្រនេះមានសរុបចំនួន៤៦៦៣នាក់ (ប្រុស៧០៣នាក់) មានកម្មករនិយោជិត ប្រមាណ ៧០ភាគរយ ស្មើនឹង ៣២៦៤នាក់​ បាននាំធ្វើកូដកម្ម ដឹកនាំដោយ លោក ម៉ៅ អូន ជាប្រធានសហជីពអំណាចយុវជនកម្ពុជា ប្រចាំរោងចក្រខាងលើ​ ដែលមិនព្រមចូលធ្វើការ ដោយទាមទារតវ៉ាលក្ខខណ្ឌ៣ចំណុច​។
 
​ក្រុមកម្មករបន្តថា​ លក្ខខណ្ឌទាមទារ ចំនួន ៣ចំណុចរួមមាន​ ១-សុំរឿងសំបុត្រពេទ្យ បើមានត្រាពី បសស សូមអោយសម្រាក់ ពេញមួយថ្ងៃ, ២-សូមឱ្យចំនួនផលិត កុំអោយលើសពីសមត្ថភាព និង៣-សូមកុំឱ្យមានការជេប្រមាថលើកម្មករនិយោជិក ពេលធ្វើការមានកំហុស។

​បច្ចុប្បន្ន សហជីព និងកម្មករនិយោជិត បានធ្វើកូដកម្មទាមទារបន្តដោយមិនទាន់មានដំណោះស្រាយ។ ចំណែកថៅកែរោងចក្រ សម្អាងលើដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តកណ្តាល លេខ ៥៤ រ.ក”គ”/១៩ របស់ចៅក្រម ងួន វុទ្ធីចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩៕


 

adverise with khmeread