adverise with khmeread Vaping12

ហូឡង់ហាមឃាត់បារីអេឡិចត្រូនិចសម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពហួសការរំពឹងទុក

រដ្ឋាភិបាលហូឡង់បានប្រកាសថា បារីអេឡិចត្រូនិច និងបំពង់ទឹកសម្រាប់ជក់នឹងត្រូវហាមឃាត់ក្នុងប្រទេសនេះសម្រាប់ក្មេងអាយុក្រោម ១៨ ឆ្នាំ ចាប់ពីឆ្នាំក្រោយទៅ ក្រោយពីរកឃើញថា ឧបករណ៍ជក់បារីអេឡិចត្រូនិចនេះបំផ្លាញសុខភាពខ្លាំងជាងការរំពឹងទុកទៅទៀត។ 

បារីអេឡិចត្រូនិច ឬ E-cigarette ដែលជាដំណោះស្រាយសម្រាប់ស្រូបយកជាតិនីកូទីនទៅបំផ្លាញតាមរយៈអគ្គីសនីនោះ ត្រូវបានអ្នកគាំទ្រការពារថាជាជម្រើសល្អដល់សុខភាពជាងបារីជក់ទូទៅ ប៉ុន្តែរដ្ឋាភិបាលលើកឡើងថា ការសិក្សាជាច្រើនរបស់ខ្លួនបានបង្ហាញថា បារីអេឡិចត្រូនិចនៅតែមានគ្រោះថ្នាក់។ 

រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ាទីន វ៉ាន់ រីន (Martin Van Rijn) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា "ជាមួយនឹងការហាមឃាត់នេះ ខ្ញុំចង់ការពារមនុស្សវ័យក្មេងពីការបំផ្លាញដែលបង្កឡើងដោយបារីអេឡិចត្រូនិច។ ខ្ញុំចង់ឲ្យក្មេងៗកុំមានគំនិតថា បារីអេឡិចត្រូនិចចម្រុះពណ៌ទាំងអស់នេះមិនមានបញ្ហា"។ 

គួរបញ្ជាក់ថា ទីផ្សារសម្រាប់បារីអេឡិចត្រូនិចបានរីកលូតលាស់យ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ព្រោះការជក់បារីទូទៅបានធ្លាក់ចុះដោយសារមានយុទ្ធនាការឃោសនាអំពីសុខភាពទ្រង់ទ្រាយធំ និងការកាត់ពន្ធយ៉ាងច្រើនលើបារីកញ្ចប់ទូទៅ។ 

ក្រុមហ៊ុនថ្នាំជក់ដូចជា BAT, Philip Morris , Imperial Tobacco និង Japan Tobacco បានកំពុងប្រជ្រៀតគ្នាដណ្តើមការប្រកួតប្រជែងក្នុងទីផ្សារឧបករណ៍ជក់បារីអេឡិចត្រូនិចដែលកំពុងរីកចម្រើននេះ។ គេរំពឹងថាទីផ្សារបារីអេឡិចត្រូនិចនឹងកើនឡើងដល់ទំហំទឹកប្រាក់ ៧ ពាន់លានដុល្លារក្នុងឆ្នាំនេះ៕ 

ប្រភព៖ ស្ត្រេតថាមស៍ 

adverise with khmeread

មតិយោបល់