ព្រះសីហនុ ៖ មានករណីស្ត្រី២នាក់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំជាមួយម៉ូតូកើតឡើងនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៩-១៩០ ស្ថិតនៅក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនិយាយថា រថយន្តបង្ក ម៉ាក HINO ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ3A-2223 បើកបរដោយឈ្មោះ ជឿន សាមឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ។
លុះដល់ចំណុចខាងលើរថយន្តបានបុកម៉ូតូ ០១គ្រឿងម៉ាក WAVE ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាច់ ញឹង ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរ នៅផ្ទះ មានអ្នករួមដំណើរម្នាក់ឈ្មោះ ថាច់ សៀន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរមានទីលំនៅភូមិបែកក្រុង ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យជនរងគ្រោះទី១-ឈ្មោះ ថាច់ ញឹង អ្នកបើកបរម៉ូតូ (ដំបូងរងរបួសធ្ងន់) ក្រោយមកបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះគ្លីនិកវាលរេញ និងទី២-ឈ្មោះ ថាច់ សៀន អ្នករួមដំណើរលើម៉ូតូបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តបាននាំទៅសាកសួរនៅអធិការដ្ឋានស្រុកព្រៃនប់។ វត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់៕
