ព្រះសីហនុ ៖ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បន្ទាប់ពីជនល្មើសយកវត្ថុរឹងស្រួចចាក់ចំកញ្ចឹងក ខាងស្តាំបណ្តាលដួលស្លាប់នៅនឹងកន្លែង កើតឡើងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៧យប់ នៅចំណុចលើភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រហូតដល់ថ្ងៃទី១៤ កុម្ភៈ ទើបចាប់ខ្លួនបាន។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រកឃើញវត្ថុតាងរួមមាន៖ ដែកឆាប ០១ដើម ( ឧបករណ៍ប្រព្រឹត្តិបទល្មើស ), កាំភ្លើងជ័រខ្លី ០១ដើម ពណ៌ខ្មៅ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។
ប៉ូលិសបន្តថា បន្ទាប់ពីប្រមូលពត៌មានជុំវិញកន្លែងកើតហេតុ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច។
ប៉ូលិសបន្តថា ករណីនេះកើតឡើងដោយសារ នៅយប់កើតហេតុ ជនរងគ្រោះបានមកទិញគ្រឿងញៀនពីជនសង្ស័យ។ ពេលនោះជនសង្ស័យបានយកសាច់ជូ បន្លំធ្វើជាគ្រឿងញៀន ( ម៉ាទឹកកក ) ដើម្បីលក់ទៅឱ្យជនរងគ្រោះក្នុងតម្លៃ ៣៥,០០០រៀល។ នៅពេលដែលជនរងគ្រោះយកទៅប្រើប្រាស់ទើបដឹងថា «ជាសាច់ជូរ» ក៏បានទៅរករឿងជនសង្ស័យ និងបានយកដាវដេញកាប់ជនសង្ស័យ។ ពេលនោះក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យក៏ទាញដែកឆាបដែលទុកនៅក្នុងកេសឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសរហូតដល់បាត់បង់ជីវិត។
បច្ចុប្បន្ន ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
