ប្រធានាធិបតីស៊ីរីប្រាប់ពួកឧទ្ទាមថាកុំចង់ភ្នាល់ជាមួយអាមេរិក...អាមេរិកនឹងចាកចេញខ្ទេច មិនការពារពួកគេនោះឡើយ

ប្រធានាធិបតីស៊ីរីលោក បាសា អាលអាសាដ បានព្រមានក្រុមឧទ្ទាមឃឺដដែលកំពុងប្រយុទ្ធប្រឆាំងនឹងពួក ISIS កុំឱ្យពឹងផ្អែកលើការគាំទ្ររបស់អាមេរិកប្រឆាំងនឹងការវាយប្រហារដែលនឹងអាចកើតឡើងរបស់តួកគី ដោយនិយាយថា "ពួកអាមេរិកនឹងមិនការការពារពួកគេទេ"។

កងទ័ពប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយសកម្មប្រយុទ្ធឧទ្ទាមឃឺដ (SDF) គាំទ្រដោយរដ្ឋធានីវ៉ាស៊ីនតោន គឺស្ថិតកាន់តែកៀកជិតនៃការកំចាត់ពួក ISIS ឱ្យបាត់បង់ពីទឹកដីកាន់កាប់របស់ខ្លួនចុងក្រោយនៅក្នុងតំបន់ភាគខាងកើតប្រទេសស៊ីរី។

ប៉ុន្តែពួកគេព្រួយបារម្ភថា តួកគី ដែលចាត់ទុកកងជីវពល YPG ឃឺដជាក្រុមភេរវកម្ម នឹងវាយប្រហារពួកគេ នៅពេលណាមួយដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសមួយនេះ។

ដោយបញ្ជាក់ក្នុងសន្ទរកថាមួយនៅក្នុងរដ្ឋធានីដាម៉ាស កាលពីម្សិលមិញលោក អាសាដ បាននិយាយថាទ័ពស៊ីរីនឹងវិលត្រឡប់ទៅកាន់តំបន់របស់ខ្លួនវិញ បន្ទាប់ពីអាមេរិកដកខ្លួនចេញ។

គាត់បាននិយាយថា "សូមផ្តាំទៅក្រុមទាំងអស់ដែលកំពុងភ្នាល់ទៅលើជនជាតិអាមេរិក យើងហ៊ាននិយាយថា ជនជាតិអាមេរិកនឹងមិនការពារអ្នកឯងឡើយ...ជនជាតិអាមេរិកនឹងដាក់អ្នកចូលទៅក្នុងហោប៉ៅរបស់ពួកគេដោយប្រើប្រាស់ដូចជាឧបករណ៍តថ្លៃមួយអ៊ីចឹង។ ដីស៊ីរីគ្រប់ចង្អាមនឹងត្រូវបានរំដោះ ហើយរាល់អ្នកឈ្លានពានទាំងអស់គឺជាសត្រូវ"។

តួកគីចាត់ទុកមូលដ្ឋានក្រុមការពារប្រជាជនស៊ីរីរបស់ក្រុមឃឺដ ឬ YPG ជាក្រុមឧទ្ទាមមួយទាក់ទងទៅនឹងការបះបោរនៅក្នុងព្រំដែនរបស់ខ្លួន។

លោក ត្រាំ បានប្រកាសផែនការកាលពីខែធ្នូដើម្បីដកទ័ពអាមេរិកទាំង ២.០០០នាក់នៅក្នុងប្រទេសស៊ីរី។

មេបញ្ជាការ DSF ម្នាក់បាននិយាយថាពួកសកម្មប្រយុទ្ធ ISIS ត្រូវបានឡោមព័ទ្ធនៅក្នុងផ្ទៃដី ៨៤០ម៉ែត្រការ៉េ និងប្រើប្រាស់ជនស៊ីវិលជាខែល។

ដោយនិយាយយ៉ាងមុតមាំអំពីឥទ្ធិពលយោធារបស់កងទ័ពស៊ីរីនៅក្នុងប្រទេស លោក អាសាដ បានអំពាវនាវដល់ជនភៀសខ្លួនស៊ីរីនៅជុំវិញពិភពលោក ឱ្យវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញផងដែរ។

សង្រ្គាមស៊ីវិល ដែលបច្ចុប្បន្នមានអាយុស្ទើរប្រាំបីឆ្នាំទៅហើយនោះ បានបណ្តាលឱ្យប្រជាជនស៊ីរីប្រមាណជា​ ៤៥០.០០០នាក់បានបាត់បង់ជីវិត ហើយបានផ្លាស់ទីលំនៅប្រជាជនពាក់កណ្តាលប្រទេស រួមទាំងប្រជាជនចំណាកស្រុកប្រមាណជាប្រាំមួយលាននាក់ជុំវិញពិភពលោក។

លោក អាសាដបាននិយាយថា "ស៊ីរីគឺត្រូវការកូនរបស់ខ្លួនមកវិញ ហើយយើងអំពាវនាវឱ្យប្រជានជនភៀសខ្លួនត្រឡប់មកវិញ ដើម្បីជ្រោមជ្រែងនៅក្នុងផ្នែកមួយនៃដំណើរការកសាងប្រទេសឡើងវិញ"៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16