adverise with khmeread 1

សម្លាប់​មិត្តភក្តិ​ខ្លួនឯង​ដោយសារ​ឈ្លោះ​គ្នា​ជុំវិញ​ថា​តើ Messi និង Ronaldo មួយណា​ខ្លាំង​ជាង

ប៉ូលិស​ឥណ្ឌា​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​សម្លាប់​មិត្តភក្តិ​របស់គាត់​បន្ទាប់​ពី​ការឈ្លោះប្រកែក​គ្នា​ដ៏​ខ្លាំង​មួយ​ជុំវិញ​បញ្ហា​ថា​តើ  Lionel Messi ឬក៏ Cristiano Ronaldo ជា​កីឡាករ​បាល់ទាត់​ល្អ​ជាងគេ​ក្នុង​លោក​នេះ​។​

​ប៉ូលិស​បាន​និយាយថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នា​ក់បាន​ចាក់​មិត្ត​រួម​សញ្ជាតិ​របស់គាត់​រហូត​ដល់​ស្លាប់​បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ឈ្លោះ​គ្នា​ជុំវិញ​ថា​តើ​តារា​ក្រុម​អ្នកបុណ្យ Barcelona កីឡាករ Lionel Messi ឬក៏​តារា​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo មួយណា​ល្អ​ជាងគេ​។​

​អធិការ​ប៉ូលិស​លោក Kiran Kabadi បាន​និយាយថា ប៉ូលិស​បាន​កសាង​សំណុំរឿង​ទាក់ទង​បទ​ល្មើ​ល​ឃាតកម្ម​ប្រឆាំងនឹង​ជនល្មើស​ឈ្មោះ Michael Chukwuma វ័យ ២១ ឆ្នាំ ជុំវិញ​ការស្លាប់​របស់​ជនរងគ្រោះ​ឈ្មោះ Obina Durumchukwu វ័យ ៣៤ ឆ្នាំ កាលពី​ថ្ងៃ​សៅរ៍​នៅ​ភាគ​ខាងជើង​ទីក្រុង​បុ​ម​បៃ​។​

​អ្នក​ទាំងពីរ​បាន​នៅ​ជាមួយគ្នា​កាលពី​យប់​ថ្ងៃ​សៅរ៍​ដើម្បី​អបអរ​ខួបកំណើត​លោក Durumchukwu​។ ព្រឹក​ថ្ងៃ​បន្ទាប់ ការឈ្លោះប្រកែក​គ្នា​ជុំវិញ​រឿង​បាល់ទាត់​បានក្លាយ​ជា​រឿង​សោកនាដកម្ម​។​

​អធិការ​ប៉ុស្តិ៍​ប៉ូលិស​បាន​និយាយថា "​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​ពីរបាន​ជជែក​គ្នា​អំពី​កីឡាករ​បាល់ទាត់​។ ម្នាក់​ជា​ប្រិយមិត្ត Messi និង​ម្នាក់ទៀត​គាំទ្រ Ronaldo​។ អំឡុង​ការសន្ទនា​គ្នា ការឈ្លោះប្រកែក​គ្នា​មួយ​បាន​កើតឡើង​។ ជនរងគ្រោះ​បាន​គប់​កែវ​ដាក់​មុខ​អ្នក​បង្ករឿង​។ កែវ​នោះបាន​បែក​និង​បាន​បង្ក​របួសស្នាម​បន្តិចបន្តួច​"​។​

​ប៉ូលិស​បាន​បន្តទៀតថា "​បន្ទាប់មក ជនបង្ក​ហេតុ​បាន​បំបែក​កែវ​និង​យកមក​ចាក់​សម្លាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ឈាម​ហូរ​មិន​ឈប់​"​។​

​តារាបាល់ទាត់​ទាំងពីរ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ល្អ​ដាច់​គេ​លើ​លោក​ដូចគ្នា ហើយ​អ្នក​ទាំងពីរ​ត្រូវបាន​ជាប់​ឈ្មោះ​សម្រាប់​ការប្រកួតប្រជែង​យកពាន Ballon d'Or គ្រប់​រដូវ​កាល​គិត​ចាប់តាំងពី​ឆ្នាំ ២០០៧ មក​។ Messi បានឈ្នះ​វា​ចំនួន​ប្រាំ​ដង​និង Ronaldo ចំនួន​បី​ដង​។​

​គួរបញ្ជាក់​ផងដែរ​ថា គ្មាន​នរណាម្នាក់​មកពី​ស្ថានទូត​នី​ហ្សេ​រី​យ៉ា​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​ករណីនេះ​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី​នៅឡើយ​ទេ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់