adverise with khmeread Jack ma

គន្លឹះ​ជោគជ័យ​ក្នុងការ​រកស៊ី​របស់​ម​ហា​សេដ្ឋី ជែក ម៉ា​

    ​តើ​ចង់​ក្លាយជា​សហគ្រិន​ជោគជ័យ​ក្នុងសម័យ​កាល​ដ៏​លំបាក​នេះ​មែន​ទេ​? លោក ជែក ម៉ា ស្ថាបនិក​លុយ​ពាន់​លាន​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​យក្ស Alibaba មាន​គន្លឹះ​សំខាន់ៗ​មួយចំនួន​សម្រាប់​លោក​អ្នក​។ លោក​បាន​កត់ត្រា​គន្លឹះ​សំខាន់ៗ​ទាំងនេះ​បន្ទាប់ពី​ត្រូវបាន​បំផុសទឹកចិត្ត​ដោយ​មនុស្ស​ដែល​លោក​បាន​ជួប​អំឡុង​ការធ្វើដំណើរ​របស់លោក​។

​    ​កុំ​គិត​ស្រមៃ​ក្លាយជា​អ្នកមាន​តែមួយ​យប់​ឱ្យសោះ​។ ការបើក​អាជីវកម្ម​រកស៊ី​មួយ​ឱ្យ​ជោគជ័យ​មិនមែន​ងាយស្រួល​ដូច​មនុស្ស​មួយចំនួន​គិត​នោះទេ​។ អ្នក​ត្រូវ​ប្រឈម​ហានិភ័យ ការឈឺចាប់ ត្រូវ​ចំណាយ​ពេលវេលា និង​ថាមពល​យ៉ាងច្រើន​។ អ្នក​ដែល​ចង់​រកស៊ី​ជោគជ័យ​ត្រូវមាន​ការលះបង់ និង​ការស្រឡាញ់​អស់ពី​ចិត្ត​ក្នុង​ការធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត​។

​    ​ការបើក​ផ្សារ Taobao (​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់ Alibaba) ក៏​មិន​ខុសគ្នា​នោះដែរ​។ លោក​ជែក ម៉ា បាន​និយាយថា ជាការ​ពិត ម្ចាស់​ផ្សារ​តិចតួច​ណាស់ដែ​លអាច​ឈរជើង​បាន​ក្នុងអំឡុង​រយៈពេល ១៣ ឆ្នាំ​នៃ​ការកកើត​ផ្សារ Taobao​។

​    ​វា​ជាការ​លំបាក​ណាស់​ក្នុង​ការបើក​ផ្សារ​នៅ​ព្រឹក​ព្រហាម​។ អ្នកទិញ​ទំនិញ​អន​ឡាញ​ក៏​ពុំ​សូវ​មាន​ច្រើន ការដឹកជញ្ជូន​ពុំមាន​ប្រសិទ្ធភាព ហើយ​ការទូទាត់​គឺជា​រឿង​ប្រឈម​បំផុត​។ ដូច្នេះ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ ដែលថា គំនិត​ចង់​បើក​ផ្សារ​អន​ឡាញ​គឺជា​រឿង​ចម្លែក​។​

​     មនុស្ស​ជាច្រើន​ដែល​ចង់​រកស៊ី​បាន​លុយ​ឆាប់ ក៏បាន​បិទទ្វារ​ពួកគេ​ក៏​ឆាប់​ដូចគ្នា​។ ប៉ុន្តែ​អ្នក​ផ្សេងទៀត ដែល​រីករាយ​នឹង​ការរកស៊ី​របស់ខ្លួន និង​ជជែក​ជាមួយ​អតិថិជន គឺ​ជោគជ័យ​។ លោក​ជែក ម៉ា​បាន​និយាយថា មនុស្ស​ជាច្រើន ដែល​ចាប់ផ្តើម​ជាមួយ​បុគ្គលិក​ម្នាក់ ឥឡូវ​កំពុង​គ្រប់គ្រង​បុគ្គលិក​រាប់រយ​នាក់​។ ដូច្នេះ តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ការរកស៊ី​ជោគជ័យ​?

​    ​១. ដំបូង​ត្រូវមាន​ការលះបង់ និង​ការស្រឡាញ់​អស់ពី​ចិត្ត​ចំពោះ​អ្វីដែល​អ្នក​កំពុង​ធ្វើ​។ ត្រូវ​មានចិត្ត​ស្រឡាញ់​ផលិតផល និង​សេវាកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក​។ ធ្វើឱ្យ​វា​ក្លាយជា​របស់​ដែល​ពិសេស​ដាច់​គេ​។ ប្រសិនបើ​អ្នកទទួលបាន​ការឆ្លើយ​តប​វិជ្ជមាន​ពី​អតិថិជន ត្រូវ​បង្ហាញ​ការ​អរគុណ​ចំពោះ​ពួកគេ​។ ត្រូវផ្តោត​លើ​មនុស្ស​ដែល​ចាប់អារម្មណ៍​លើ​ផលិតផល និង​សេវាកម្ម​របស់​អ្នក​។

​    ​២. ទី​ពីរ ត្រូវមាន​ភាពច្បាស់លាស់​លើ​អ្វីដែល​អ្នក​កំពុង​ធ្វើ និង​របៀប​ធ្វើ​វា​។ ព្យាយាម​ធ្វើ​អ្វីដែល​ប្លែក​ពី​គេ​។ រីករាយ​នឹង​ការងារ​។ បង្កើត និង​ស្វែង​រកមើល​តម្លៃ ដែល​អតិថិជន​ចង់​ចែករំលែក​ជាមួយ​។ ស្វែងរក​អតិថិជន​ដែល​ចូលចិត្ត​ផលិតផល​របស់​អ្នក​គឺមាន​តម្លៃ​ដូច​ការស្វែងរក​មិត្តសម្លាញ់​ដូច្នេះ​ដែរ​។

​    ​៣. ទី​បី រក​វិធី​កែលម្អ​ផលិតផល និង​សេវាកម្ម​របស់​អ្នក​ឱ្យ​ប្រសើរ​។ ស្តាប់​អតិថិជន និង​បុគ្គលិក​។ ពួកគេ​អាចមាន​គំនិត​អស្ចារ្យ​ចង់​ប្រាប់​អ្នក​។ អ្នក​ក៏ត្រូវ​រៀន​ពី​កំហុស​របស់​អ្នក​ផងដែរ​។

​    ​ការលក់ទំនិញ​គឺជា​សុភមង្គល​មួយ​។ វា​ជាការ​បង្កើត​បែបផែន​ជីវិត​មួយ​ដើម្បី​ចែករំលែក​ដល់​អតិថិជន​របស់​អ្នក​តាមរយៈ​បទពិសោធន៍​ទិញ​ទំនិញ​តាម​អន​ឡាញ​។ ប្រើប្រាស់​គំនិត​ច្នៃប្រឌិត​ដើម្បី​ធ្វើឱ្យ​សេវាកម្ម​របស់​អ្នក​កាន់តែ​ល្អប្រសើរ​ឡើង​។

​    ​ស្តេច​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ចរ​បស់​ចិន​រូបនេះ​បាន​សំយោគ​បញ្ចប់​ក្នុង​កំណត់ចំណាំ​របស់លោក​ថា ត្រូវ​លើកកម្ពស់​អាជីវកម្មរ​បស់​អ្នក​ឱ្យ​ឈានដល់​កម្រិត​ក្រមសីលធម៌​ខ្ពស់បំផុត​។ លោក​និយាយថា អ្វីដែល​មនុស្ស​ត្រូវ​រៀន​គឺ​មិនមែន​របៀប​រកស៊ី​នោះទេ តែ​ជា​របៀប​ស្វែងរក​ការរស់នៅ​ថ្មី​។ អ្នក​មិនមែន​កំពុង​គ្រប់គ្រង​អាជីវកម្ម​នោះទេ តែ​អ្នក​កំពុង​ធ្វើឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដ៏​ល្អប្រសើរ​មួយរូប​៕

adverise with khmeread
ប្រភព៖ អេ​ថែម​ស៍​

អ្នកនឹងចូលចិត្ត

មតិយោបល់