ទាហានវេណេស៊ុយអេឡាបាញ់រះលើប្រជាជនស្លាប់២របួស១២ ព្រោះហ៊ានមករារាំងក្រុមទាហានមិនឱ្យបិទព្រំដែនជាមួយប្រេស៊ីល

មនុស្សពីរនាក់ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីទាហានវេណេស៊ុយអេឡា បានបើកការបាញ់ប្រហារទៅលើប្រជាជនស៊ីវិល ដែលកំពុងព្យាយាមរក្សាច្រកទ្វារព្រំដែនឱ្យបើកចំហសម្រាប់ការផ្តល់ជំនួយ។

ទាហានបានធ្វើដំណើរទៅកាន់ច្រកព្រំដែនមួយកន្លែងបង្កើតឡើងដោយសហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់សហគមន៍ Kumarakapai នៅភាគខាងត្បូងព្រំដែនវេណេស៊ុយអេឡា ជាមួយនឹងប្រទេសប្រេស៊ីល កាលពីព្រឹកព្រហាមថ្ងៃសុក្រក្នុងប្រទេសមួយនេះ។

ប៉ុន្តែពេលដែលប្រជាជនស៊ីវិលបានព្យាយាមរារាំងផ្លូវក្បួនរថក្រោះ ទាហានក៏បើកការបាញ់ប្រហារ សម្លាប់មនុស្សចំនួនពីរនាក់ និងបង្ករបួសដល់ប្រជាជន១២នាក់ផ្សេងទៀត។

អភិបាលស្រុក Gran Sabana លោក Emilio Gonzalez បាននិយាយថា ទាហានបានបាញ់គ្រាប់ជ័រ និងគ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកប៉ុណ្ណោះ ហើយប្រជាជនរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប៉ុន្តែរូបភាព និងវីដេអូដែលផ្តិតដោយអ្នកកាសែតប្រេស៊ីល បានបង្ហាញឱ្យឃើញពីគ្រាប់ពិតកំពុងហោះចេញពីទិដ្ឋភាពនៃការបាញ់នោះ រួមជាមួយនឹងក្រុមគ្រូពេទ្យកំពុងព្យាបាលប្រជាជនដែលប្រឡាក់ដោយឈាមចេញពីស្នាមរបស់ពួកគេ។

អ្នកភូមិគឺត្រូវបានគេជឿជាក់ថាកំពុងព្យាយាមរក្សាតំបន់មួយនេះឱ្យបើកចំហ ដូច្នេះជំនួយអាចនឹងនាំចូលមកក្នុងតំបន់មកពីប្រទេសប្រេស៊ីល។ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ បានបញ្ជាឱ្យបិទច្រកព្រំដែនជាប់ជាមួយនឹងប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ហើយបច្ចុប្បន្នកំពុងពិចារណាឱ្យបិទច្រកបន្ថែមទៀតជាប់ជាមួយនឹងកូឡុំប៊ី ក្រោមសេចក្តីប្រកាសមិនទទួលជំនួយពីបរទេស ដើម្បីគេចចេញពីមធ្យោបាយអន្តរាគមន៍របស់អាមេរិក ខណៈដែលប្រទេសមួយនេះកំពុងជួបវិបត្តិស្បៀងធ្ងន់ធ្ងរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab