អូហ៊ូ! ស្មាតហ្វូនរបស់ Huawei មិនត្រឹមបត់បានប៉ុណ្ណោះទេ ថែមទាំងប្រើ 5Gបានទៀត!

ភ្នំពេញ ថ្ងៃទី​​ 25 កុម្ភះ ឆ្នាំ 2019 ​​ ក្រុមហ៊ុន Huawei បានសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលអាចបត់បាន និងដំណើរការបច្ចេកវិទ្យា 5G កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្នុងកម្មវិធីសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress)​ នៅ  ទីក្រុង Barcelona ហើយនេះជាការបង្ហាញសាច់ដុំទៅទីក្រុងវ៉ាស៊ីនតោនដែលព្យាយាម​​រារាំងបច្ចេកវិទ្យា 5G របស់ខ្លួន ។

ការបង្ហាញស្មាតហ្វូនដែលអាចបត់បាននេះ ពិតជាបានទាក់ទាញការចាប់អារម្មណ៍របស់អ្នកចូលរួមយ៉ាងខ្លាំងក្នុងសន្និសីទទូរស័ព្ទពិភពលោកនេះ។ Huawei Mate X មានតម្លៃ $2,600​ ហើយអេក្រង់របស់វាមានព័ទ្ធជុំវិញនៅផ្នែកខាងក្រៅដែលយើងនៅតែអាចមើលបាន នៅពេលដែលនៅបិទដែលឡួយជាង Galaxy Fold របស់ Samsung។

គួររំលឹកផងដែរថា អាមេរិចបានដាក់សម្ពាធលើក្រុមហ៊ុន Huawei យ៉ាងខ្លាំង​ដោយបានចោទប្រកាន់ថា​ Huawei បានប្រើឧបករណ៍បច្ចេកវិទ្យា​របស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់ប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះ​   អាមេរិចក៏អំពាវនាវឲ្យប្រទេសជាសម្ព័ន្ធភាពរបស់ខ្លួន កុំប្រើបច្ចេកវិទ្យារបស់ Huawei ផងដែរ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំបំផុតលំដាប់ថ្នាក់លេខពីរក្នុងពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាប្រព័ន្ធទូរស័ព្ទឈានមុខក្នុងពិភពលោក បានបដិសេធនិងច្រានចោលការចោទប្រកាន់ទាំងស្រុង ម្តងហើយ​ម្តងទៀត ថាខ្លួនមិនបានប្រើឧបករណ៍បច្ចេកវិទ្យា​របស់ខ្លួនដើម្បីស៊ើបការរឿងសម្ងាត់របស់ប្រទេសនាមួយឡើយ។ ការចោទប្រកាន់នេះ សុទ្ធតែជាហេតុផលនយោបាយរបស់អាមេរិច។​

ក្នុងបទសម្ភាសជាមួយនិង BBC លោក​ Ren Zhengfei ស្ថាបនិកក្រុមហ៊ុន Huawei បានលើកឡើងថា​អាមេរិច       គ្មានផ្លូវអាចវាយបំបាក់យើងបានទេ។ ពិភពលោកពិតជាត្រូវការ Huawei។ ការដាក់សម្ពាធនេះ​នឹងធ្វើឲ្យយើងកាន់តែខ្លាំង និងកាន់តែខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យផលិតផល និងសេវារបស់យើងកាន់តែល្អជាងមុន។ ប្រសិនបើយើងមិនអាចដំណើរការអាជីវកម្ម នៅប្រទេសលោកខាងលិច យើងនៅតែដំណើរការបាននៅខាងកើត។ ប្រសិនបើប្រទេសលោកខាងជើងមិនស្វាគមន៍ទេ យើងនៅមានប្រទេសនៅលោកខាងត្បូងដែរ។

រីឯលោក Guo Ping នាយកផ្នែក Rotating របស់ក្រុមហ៊ុន​ Huawei បានលើកឡើងក្នុងការពិភាក្សារតុមូលជាមួយសារព័ត៍មានកាលពីថ្ងៃ អាទិត្យនៅទីក្រុង  Barcelona ថា លោកនៅតែមិនយល់សោះ ហេតុអ្វីបានជាប្រទេសមហាអំណាចមួយនេះ ព្យាយាមវាយប្រហារនិងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានទៅលើបច្ចេកវិទ្យាឈានមុខរបស់ Huawei។ លោកបានបន្ថែមទៀតថា​ Huawei តែងតែគោរពតាមច្បាប់អាជីវកម្មរបស់ប្រទេសចិន និងប្រទេសនិមួយៗ ដែលធ្វើអាជីវកម្ម ដូច្នេះ Huawei មិនដែរ និងមិនអាចធ្វើអ្វីមួយដែលផ្ទុយពីច្បាប់របស់ប្រទេសណាមួយបានឡើយ។​

បច្ចេកវិទ្យា 5G ឈានមុខរបស់ Huawei បានដាក់ឲ្យដំណើរការមុនគូរប្រកួតរបសខ្លួនដូចជា Sweden's Ericsson ឫ Finland's Nokia​ បានមុនរហូតដល់ 12 ខែ។

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី​ 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក(​​ Forbes World’s Most Valuable Brands)​ និងស្ថិតនៅលេខរៀងទី 12​ ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ 2018។

 

ទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីសម្ពោធកាលពីយប់មិញ៖ 

 

adverise with khmeread
PR