បុរសម្នាក់កៀបស្លាប់ក្នុងកាប៊ីនបន្ទាប់ពីបើករថយន្តជ្រុលបុកម៉ូតូនិងកុងតឺន័រឈប់ស្តុប

ភ្នំពេញ ៖ តៃកុងរថយន្តម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបើករថយន្តជ្រុលបុកម៉ូតូនិងឡានកុងតឺន័រ ដែលឈប់ចតស្ងៀម រង់ចាំស្តុបនៅវេលាម៉ោង៣ និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ (សព) ឈ្មោះ ដូប សន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរបើករថយន្ត រស់នៅភូមិត្រពាំងល្វា ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបររថយន្តដឹកមាន់ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-4133 រួមដំណើរព្រូ២នាក់។ 

បើតាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកមាន់ ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ទំនងងោកមួយភាំង បានជ្រុលទៅបុកម៉ូតូកំពុងឈប់ស្តុប នៅពីក្រោយរថយន្តកុងតឺន័រ ពេញទំហឹងបណ្ដាលឱ្យម្ចាស់ ម៉ូតូខ្ទាតចេញរងរបួសធ្ងន់។ ចំណែករថយន្តផុងជាប់គូទរថយន្តកុងតឺន័រ បណ្ដាលឱ្យតៃកុងកៀបជាប់ស្លាប់តែម្ដង។ រីឯរថយន្តកុងតឺន័រ បានបើករត់ជាប់ទាំងរថយន្តនៅពីក្រោយ បានប្រមាណ១០០ម៉ែត្រ ក៏ឈប់រថយន្តចុះគេចខ្លួនបាត់។ 

ក្រោយកើតហេតុសមត្ថកិច្ច វាស់វែងយកយានយន្តទាំងអស់ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread