ភ្នំពេញ ៖ ក្រុមចោរ២នាក់ប្រដាប់ដោយកាំភ្លើងខ្លី បានធ្វើសកម្មភាពប្លន់ ភ្ញៀវស្រី៣នាក់ដែលកំពុងទទួលសេវាកែសម្ផស្ស កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្ស យីហោ « កន្និកា ស្រីតូច អ៊ុតសក់» ជាប់ផ្លូវលេខ៥៩៨ កែងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើបានឱ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវនារីៗ បានមកអ៊ុតសក់ផាត់មុខ ក្នុងហាងរបស់ខ្លួន។ បន្ទាប់មក ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូសង់ប៊ិចមួយគ្រឿងមិនចាំស្លាកលេខ ឌុបគ្នាមកធ្វើល្បិចជាទិញទឹកសុទ្ធ ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀត ដើរចូលមកក្នុងហាង។
ប្រភពបន្តថា មិនបាន២នាទីផងពួកវាបានដកកាំភ្លើងខ្លីភ្ជង់គំរាម និងប្លន់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូនសិក២គ្រឿង និងកាបូបស្ពាយ១ ពីឈ្មោះ ស្រីពៅ និងនារីម្នាក់ ឈ្មោះ អ៊ីង ចន្ទ័ដារ៉ាលីន និង នារីម្នាក់ទៀតមិនស្គាល់ឈ្មោះ បានលុយមួយចំនួនបន្ថែម រួចនាំគ្នាជិះម៉ូតូឌុបគ្នាគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យមើលករណីនេះ និងនាំនារីរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលបឹងកក់ទី២៕
