ឡានធំតទ្រុង បុកទម្លុះហាងលក់ទូរស័ព្ទ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទមួយកន្លែងបានរងការខូចខាតស្ទើរទាំងស្រុង ដោយសាររថយន្តឡានធំតទ្រុង បុកចូលកាលពីវេលាម៉ោង១២ និង២០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបចម្ការដូង តាមបណ្ដោយផ្លូវ២១៧កែង និងផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា រថយន្តបង្ក ជាប្រភេទរថយន្តធំតទ្រុង ពាក់ស្លាកលេខ តាកែវ 3A-1959 ដឹកឥវ៉ាន់ពេញ បើកបរនិងធ្វើដំណើរដោយប្រុសស្រី២នាក់ ។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរតាមផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ក្នុងល្បឿនមធ្យម។ ខណៈមកដល់ចំណុចកើតហេតុ បានបួងចង្កូតមកខាងឆ្វេងដៃ ឡើងផ្លូវ២១៧ តែមិនដឹងជាយ៉ាងម៉េច បានជ្រុលមកបុកទម្លុះចូលហាងលក់ទូរស័ព្ទយីហោ វីន វីន បណ្ដាលឱ្យខូចខាតសម្ភារៈក្នុងហាងមួយចំនួនធំ តែម្ចាស់ហាងនិងកូនកំពុងតែទទួលទានដំណេក បានរួចផុតពីគ្រោះអាក្រក់នេះ។

បន្ទាប់កើតហេតុ ដោយឃើញសភាពមិនស្រួល ប្រុសស្រី២នាក់នៅលើរថយន្តបង្កនោះ បានទុករថយន្តចោល ហើយគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់តែម្តង។ រថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់។ 

គួររំលឹកថា​ ​មាន​រថយន្ត​តទ្រុងមួយគ្រឿង​បើក​ចូល​ក្រុង​ក្នុង​ម៉ោង​ហាមឃាត់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​បង្ក​ការកកស្ទះ​ចរាចរ​រាប់​ម៉ោង​នៅ​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ផ្លូវ​២១៧​ សង្កាត់​ស្ទឹងមានជ័យ​២​ ខណ្ឌមានជ័យ​ កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩។​

សមត្ថកិច្ចនិយាយថា​ ​រថយន្ត​បង្ក​​ពាក់​ស្លាក​លេខ ភ្នំពេញ 3E -0247 ​ដែលមាន​សញ្ញា​សម្គាល់​នៅមុខ​ក្បាល​រថយន្ត​ CH​ ដឹក​ទូកុងតឺ​ន័​រ​សំពីងសំពោង​វែង​ជាង​រថយន្ត​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ខណៈ​មកដល់​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បត់​ស្ដាំ​ ក៏​វាត់​កន្ទុយ​បុក​បង្កាន់ដៃ​បាក់​រង​ការខូចខាត​។​

ក្រោយពេល​រថយន្តបុក​បាក់​បង្កាន់ដៃស្ពាន​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ដែល​ឈរជើង​នៅ​ដៅ​ចេញមក​ស្ទាក់​ឃាត់​រថយន្ត​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​។​

ទោះបីមាន​បទបញ្ជា​របស់​ចៅហ្វាយក្រុង​និង​លោកស្នងការ​រាជធានី​ភ្នំពេញ​ដូចជា​មិនសូវមាន​ប្រសិទ្ធភាព​ដោយ​កូនចៅ​ក្រោម​ឱវាទ​មិន​អនុវត្តតាម​ថ្នាក់លើ​។​ក្រោយពេល​ដាក់បទបញ្ជា​ដល់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោម​របស់លោក​ទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ហាមឃាត់​មិន​អនុញ្ញាតឱ្យ​រថយន្ត​ប្រភេទ​ធំៗ​បើក​ចូលក្នុង​ក្រុង​នៅពេល​ថ្ងៃ​ក៏ដោយ​ ហើយ​​រថយន្ត​ធំៗ​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​បង្កឱ្យមាន​អ្នករងរបួស​និង​ស្លាប់​ជា​ញឹកញាប់​ផងដែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab