បើករថយន្តធំលឿនពេកបុករបាំងថ្មចែកទ្រូងផ្លូវស្លាប់ម្នាក់, របួស៣នាក់

កណ្ដាល​ ៖ មនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់ស្រាលខណៈបើករថយន្ដល្បឿនលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង​ នៅវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា រថយន្ដដែលបើកបុករបាំងថ្មពុះចែងទ្រូងផ្លូវមានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ ពាក់ស្លាកលេខ ក8266 ភព3 បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រងរបួសធ្ងន់និងមានអ្នករួមដំណើរ៣នាក់ ទី១.ឈ្មោះ ស ឡូត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករ ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ, ទី២.ឈ្មោះ ជួង សុភ័ក្រ្ត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មកររងរបួសស្រាល និងទី៣.ឈ្មោះ សោម ជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មកររងរបួសស្រាល​។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល​។

​ប៉ូលិសបន្តថា​ ដំបូងរថយន្ដខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) ដោយល្បឿនលឿន​។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងថ្មពុំចែកទ្រូងផ្លូវពេញមួយទំហឹង បណ្ដាលឱ្យអ្នកបើកបររថយន្ដនិងអ្នករួមដំណើម្នាក់របួសធ្ងន់  ឯ២នាក់ទៀតរបួសស្រាល រីឯរថយន្ដខូចខាតធ្ងន់​។ 

​ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្ដសាមុយដឹកទៅព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះឈ្មោះ​ ស ឡូត ជាអ្នករួមដំណើរបាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យ​។

​បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ភ្លាមនោះ ប៉ូលិសជំនាញបានចុះមកកន្លែងកើតហេតុ រួចធ្វើការពិនិត្យវាស់វែង និងកសាងឯកសារដកហូតយករថយន្ដខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់​។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ដល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab