កូនប្រុសបណ្តូលចិត្តទទួលបានការងារធ្វើនៅខេត្តឆ្ងាយ សប្បាយចិត្តពេកទុកម្តាយឱ្យមណ្ឌលមនុស្សចាស់មើល ប៉ុន្មានខែក្រោយមករវល់រកលុយពេក ស្រាប់តែ...

រឿងនិទាន ៖ បុរសម្នាក់បានទទួលការងារល្អនៅខេត្តឆ្ងាយមួយ។ គាត់បានសម្រេចចិត្តយកម្តាយរបស់គាត់ដាក់នៅមណ្ឌលមនុស្សចាស់ក្នុងខេត្តរបស់គាត់។

នៅប៉ុន្មានខែដំបូង គាត់បានមកសួរសុខទុក្ខម្តាយរបស់គាត់រាល់ចុងសប្តាហ៍។ ប៉ុន្តែបន្ទាប់ពីនោះមក ការងាររបស់គាត់កាន់តែមមាញឹកខ្លាំងរកពេលដកឃ្លាពុំបាន។ 

គាត់ថែមទាំងធ្វើការដល់ថ្ងៃសៅរ៍អាទិត្យថែមទៀតដើម្បីបានប្រាក់ខែរឹតតែខ្ពស់នៅចុងខែ។ ដូច្នេះ ការធ្វើដំណើរលើផ្លូវដ៏ឆ្ងាយពីខេត្តមួយទៅខេត្តកំណើតរបស់គាត់ បានក្លាយជាបន្ទុកដ៏លំបាកមួយទៀតសម្រាប់គាត់។ 

គាត់ខានជួបម្តាយរបស់គាត់យូរណាស់ហើយ តាំងពីពេលពីរបីខែដំបូងដែលគាត់បានមកធ្វើការនៅខេត្តឆ្ងាយ។ 

ថ្ងៃមួយគាត់បានទទួលទូរស័ព្ទពីមណ្ឌលមនុស្សចាស់។ អ្នកថែទាំមនុស្សចាស់នៅទីនោះបាននិយាយក្នុងសំឡេងស្រងូតស្រងាត់ដាក់គាត់ថា "សូមមកសួរសុខទុក្ខម្តាយរបស់លោកផង!"។ 

ពេលគាត់មកដល់ ឃើញស្ថានភាពជំងឺរបស់ម្តាយគាត់ប្រែជាធ្ងន់ធ្ងរបាត់ទៅហើយ។ ជំងឺរបស់ម្តាយកាន់តែធ្ងន់ធ្ងរខណៈគាត់កំពុងរវល់រកលុយ។ 

គាត់បានអង្គុយនៅក្បែរគ្រែរបស់ម្តាយ និងកាន់ដៃម្តាយ រួចនិយាយថា "ម៉ែ សូមប្រាប់កូនមក តើកូនអាចធ្វើអ្វីខ្លះដើម្បីជួយដល់ម៉ែ?"។ 

បេះដូងបុរសម្នាក់នេះខ្ទេចខ្ទាំអស់ហើយ និងមានវិប្បដិសារីបំផុត។ គាត់ដឹងថាម្តាយរបស់គាត់នឹងមិនអាចរស់ដល់ថ្ងៃស្អែកនោះទេ។ 

ម្តាយបាននិយាយទាំងដង្ហក់ៗថា "កូនសម្លាញ់មាសម្តាយ តើកូនអាចដំឡើងកង្ហារនៅលើជញ្ជាំងឱ្យម៉ែមួយបានទេ? នៅទីនេះពុំមានកង្ហារទេ។ សូមដាក់ទូទឹកកកមានអាហារខ្លះនៅទីនេះផង។ ម៉ែចូលគេងរាល់យប់ដោយគ្មានបាយមួយគ្រាប់ក្នុងពោះទេ"។

កូនប្រុសម្នាក់នេះភ្ញាក់ព្រឺតពេលស្តាប់ឮម្តាយនិយាយបែបនេះ។ គាត់បានតបវិញថា "ម៉ែ ម៉េចក៏យូរណាស់ហើយម៉ែមិនដែលនិយាយរឿងនេះប្រាប់កូន?  ឥឡូវ នៅពេលម៉ែនៅសល់ពេលមិនដល់ពីរបីម៉ោងផង ទើបម៉ែប្រាប់វាដល់ខ្ញុំ?"។

ម្តាយញញឹមដាក់កូនទាំងភ្នែកបើកមិនរួច ហើយនិយាយថា "កូនសម្លាញ់ ម៉ែមិនអីទេ ម៉ែអាចទ្រាំបានជាមួយអាកាសធាតុក្តៅ ការឈឺចាប់ និង ការហេវហត់។ ប៉ុន្តែនៅពេលកូនចាស់ទៅ ហើយកូនបង្កើតរបស់កូនឯង បញ្ជូនកូនមកទីនេះ ម៉ែខ្លាចថា កូនឯងទ្រាំមិនបាន"។ 

កូនស្តាប់រួច ទ្រហ៊ោយំខ្លាំងៗលាន់ទ្រហឹងពេញមណ្ឌលមនុស្សចាស់។ គាត់បានលុតជង្គង់ សុំឱ្យម្តាយអភ័យទោសដល់គាត់ផង។ 

ម្តាយគឺជាមនុស្សម្នាក់ ដែលស្រឡាញ់កូនគ្មានលក្ខខណ្ឌរហូតដល់ដង្ហើមចុងក្រោយរបស់គាត់។ ចូរមើលថែគាត់ ស្រឡាញ់គាត់ ទាន់គាត់នៅមានដង្ហើមសម្រាប់អ្នក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...