ឥណ្ឌានិងប៉ាគីស្ថានឈ្លោះគ្នាបិទដែនអាកាស បែរជាធ្ងន់ករក្រុមហ៊ុន Thai Airways!

អ្នកទេសចររាប់ពាន់នាក់បានជាប់គាំងនៅទីក្រុងបាងកកនៅថ្ងៃព្រហស្បតិ៍ទី២៨កុម្ភៈនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានលុបចោលជើងហោះហើរទាំងអស់រំលងលើប្រទេសប៉ាគីស្ថាន បន្ទាប់ពីរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានបិទដែនអាកាសរបស់ខ្លួនភ្លាមៗដើម្បីឆ្លើយតបនឹងភាពតានតឹងខ្លាំងឡើងជាមួយឥណ្ឌា។

ក្រុមហ៊ុនថៃនេះបាននិយាយថា ជើងហោះហើរចំនួន ២៥ ដែលភាគច្រើនហោះទៅមកឆ្លងកាត់ផ្លូវឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ត្រូវបានលុបចោល ជាមួយយន្តហោះ៣គ្រឿងបានបង្ខំចិត្តហោះត្រឡប់ទៅអាកាសយានដ្ឋានសុវណ្ណភូមិវិញនៅថ្ងៃព្រហស្បតិ៍នេះ។

ការលុបចោលនេះបានធ្វើឡើងបន្ទាប់ពីវិបត្ដិដ៏គួរឱ្យព្រួយបារម្ភរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរប៉ាគីស្ថាននិងឥណ្ឌា ដោយបានលើកឡើងពីការបារម្ភអំពីការផ្ទុះសង្រ្គាមពេញទំហឹង។

ប៉ាគីស្ថានបានអះអាងថាខ្លួនបានបាញ់យន្តហោះកងទ័ពអាកាសឥណ្ឌា២គ្រឿងនៅក្នុងដែនអាកាសរបស់ខ្លួន ប៉ុន្តែក្រោយមកបានបញ្ជាក់ថា ចាប់ខ្លួនអ្នកបើកបរយន្តហោះឥណ្ឌាបានតែម្នាក់ប៉ុណ្ណោះ។

ឥណ្ឌាបាននិយាយថាកងកម្លាំងរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថានបានមួយគ្រឿងដែរ ខណៈប៉ាគីស្ថានបានបិទលំហអាកាសរបស់ខ្លួនភ្លាមៗ។

ក្រុមហ៊ុន Thai Airways បាននិយាយថា អ្នកដំណើរជិត ៥.០០០ នាក់បានជាប់ទ្រឹងទៅណាមិនរួច នៅក្នុងការលុបចោលជើងហោះហើរនេះ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Thai Airways បាននិយាយថា "មានមនុស្ស ៤.០០០ នាក់មកពីជើងហោះហើរអឺរ៉ុប និង ពី ៧០០ ទៅ ៨០០ នាក់មកពីជើងហោះហើរទៅកាន់ប៉ាគីស្ថាន"។

នាងបាននិយាយថា "យើងកំពុងរង់ចាំការអនុញ្ញាតហោះហើរលើបណ្តាប្រទេសដទៃទៀត" ដោយពន្យល់ថា អ៊ីរ៉ង់បានច្រានចោលការស្នើសុំហោះហើរលើដែនអាកាសរបស់ខ្លួន។

នាងបានបន្ថែមថា "ពេលនេះយើងកំពុងទាក់ទងចិន"។

ក្រុមហ៊ុនអាកាសចរណ៍នេះបានឱ្យដឹងថា អ្នកដំណើរដែលជាប់គាំងទាំងអស់នេះត្រូវបាននាំទៅស្នាក់នៅសណ្ឋាគារដោយក្រុមហ៊ុនជាអ្នកចំណាយទាំងអស់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab