កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង៣០នាទីរសៀលនៅចំណុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ប៉ូលិសនយាយថា ជនសង្ស័យ២នាក់រួមមាន ១ -ឈ្មោះ អាន ហុតលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង២ -ឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ១០កញ្ចប់, ២ / ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង និង៣ -សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប៉ូលិសបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាន ហុតលី បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ២កញ្ចប់តូចនៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អាន ហុតលី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ៥០,០០០៛ ដើម្បីយកទៅលក់អោយគេមិនស្គាល់ឈ្មោះ តម្លៃ ៨០,០០០រៀល។
បន្ទាប់មកសមត្ថកិច្ច បានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ី ធួន បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់, តូច ០៨កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងសម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ី ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ តម្លៃ ១,០០០,០០០ រៀលពីឈ្មោះ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកមកលក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ៤០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕
