ត្រាំប្រាប់ចិនឱ្យលុបចោលពន្ធលើផលិតផលកម្មរបស់អាមេរិក ដោយហេតុថាចរចារលូននឹងគ្នាទៅហើយ

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកាលពីថ្ងៃសុក្រទី១មីនាបានជំរុញឱ្យចិនលុបចោលពន្ធលើផលិតផលកសិកម្មដែលនាំចូលពីសហរដ្ឋអាមេរិក ដោយបន្ថែមថាកិច្ចពិភាក្សាពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរកំពុងដំណើរការល្អ។

លោកប្រធានាធិបតីបានសរសេរនៅលើ Twitter ថា "ខ្ញុំបានស្នើឱ្យចិនលុបចោលពន្ធគយទាំងអស់លើផលិតផលកសិកម្មរបស់យើង (រួមមានសាច់គោសាច់ជ្រូកជាដើម)"។

លោកបាននិយាយថា សំណើរបស់លោកគឺផ្អែកលើការពិតដែលថាការចរចាជាមួយចិនបាន "ធ្វើទៅមុខយ៉ាងរលូន" និងការពន្យារពេលរបស់លោកក្នុងការដំឡើងពន្ធលើការនាំចេញរបស់ចិនកាលពីសប្តាហ៍មុន។

លោកបានបន្ថែមថា "នេះពិតជាសំខាន់ណាស់សម្រាប់កសិករដ៏អស្ចារ្យរបស់យើង និងរូបខ្ញុំ!"។

បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរយៈពេលជាច្រើនខែ សហរដ្ឋអាមេរិកនិងចិនបានយល់ព្រមផ្អាកសង្គ្រាមពន្ធរយៈពេល ៩០ ថ្ងៃដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ។ ការផ្អាកនោះគ្រោងនឹងចប់ត្រឹមថ្ងៃសុក្រទី១មីនា ប៉ុន្តែលោកត្រាំនៅទីបំផុតបានលុបចោលនូវឱសានវាទក្នុងការដំឡើងពន្ធបន្ថែម ព្រោះតែពេញចិត្តនឹងការរីកចម្រើនដែលបានធ្វើឡើងនៅក្នុងកិច្ចចរចាជាច្រើននៅទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់នៅសេតវិមានលោកឡារី ឃូដឡូវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសទាំងពីរកំពុងជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម "ជាប្រវត្តិសាស្ត្រ" ។ កិច្ចប្រជុំមួយរវាងលោកត្រាំនិងលោកស៊ី ជីនពីងក៏រំពឹងធ្វើនៅខែនេះផងដែរ។

បន្ទាប់ពីជុំចុងក្រោយបំផុតនៃកិច្ចចរចាកាលពីខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកលោកសូននី ភើឌូ បានសរសេរថា ចិនបានប្តេជ្ញាចិត្តទិញ "សណ្តែកសៀង ១០ លានតោនបន្ថែម" ដើម្បីជា "ការបង្ហាញការជឿជាក់ដ៏ល្អ"។

កសិករអាមេរិកពឹងផ្អែកយ៉ាងខ្លាំងទៅលើការធ្វើពាណិជ្ជកម្មរបៀបនេះជាមួយប្រទេសចិន។ នៅឆ្នាំ ២០១៧ ប្រហែល ១ ភាគ ៣ នៃផលិតកម្មសណ្តែកសៀងអាមេរិកដែលមានតម្លៃ ១៤ ពាន់លានដុល្លារត្រូវបាននាំចេញនៅទីនោះ កន្លែងដែលសៀងត្រូវបានប្រើដើម្បីចិញ្ចឹមជ្រូក។

ការនាំចេញទាំងនោះបានធ្លាក់ចុះកាលពីរដូវក្តៅឆ្នាំមុននៅពេលចិនបានវាយពន្ធលើសណ្ដែកសៀងអាមេរិកនិងផលិតផលកសិកម្មផ្សេងទៀត។

មុននេះនៅក្នុងកាយវិការសុច្ឆន្ទៈ នៅពេលចាប់ផ្ដើមនៃការផ្អាកសង្គ្រាមពន្ធរបស់ប្រទេសទាំងពីរ ចិនក្នុងខែធ្នូបានបន្តទិញសណ្តែកសៀងអាមេរិក។

ប៉ុន្តែពន្ធគយរបស់ចិនបានប៉ះពាល់ខ្លាំងដល់តំបន់កសិកម្មរបស់អាមេរិក កន្លែងដែលលោកត្រាំទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab