រថយន្តធុនធំបើកបុកយានយន្តកំពុងឈប់ស្តុបវត្តនាគវ័ន្តទាំងកម្រោល បណ្ដាលឱ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ម្ចាស់របួសធ្ងន់ និងម៉ូតូ២គ្រឿងទៀតខ្ទេច

ភ្នំពេញ ៖ តៃកុងកង់បីឥណ្ឌាម្នាក់បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតរបួសស្រាល ខណៈកំពុងធ្វើដំណើរតាមដងផ្លូវឈប់ស្តុបក្រហម ត្រូវបានបុរសម្នាក់បើករថយន្តបែន បុករះពីក្រោយកង់បីឥណ្ឌាឲ្យក្រឡាប់ និងម៉ូតូ២គ្រឿងរងការខូចខាត។ 

គ្រោះថ្នាក់ខាងលើនេះ​ បានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សម្ភារៈដែលខូចខាតរួមមាន កង់បីឥណ្ឌា១គ្រឿង ម៉ូតូហុងដាឌ្រីម២គ្រឿង និងបង្គោលស្តុបមួយដើម។

តាមសម្ដីបុរសម្នាក់ជាម្ចាស់ម៉ូតូរងគ្រោះរបួសស្រាលបាននិយាយថា  រូបគាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតកំពុងឈប់ស្តុបក្រហម ត្រង់ចំណុចកើតហេតុខាងលើ ខណៈពេលនោះក៏មានរថយន្តបង្កម៉ាក CHENGLONG ប្រភេទបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ 3D-1632 បានធ្វើដំណើរមកពីក្រោយទិសដៅពីលិចទៅកើតស្របគ្នា ក្នុងល្បឿនយ៉ាងលឿន។      

គ្រានោះ ដោយឃើញសភាពមិនស្រួល បុរស២នាក់ជាម្ចាស់ម៉ូតូរងគ្រោះរបួសស្រាល បានលោតចេញពីម៉ូតូ ហើយរថយន្តបង្កក៏បុករះម៉ូតូទាំង២គ្រឿងចំពីក្រោយពេញទំហឹងតែម្ដង និងបន្តបុកបង្គោលភ្លើងបាក់មួយដើម និងកង់បីឥណ្ឌាពីក្រោយឱ្យក្រឡាប់កៀបជាប់របងនៅចិញ្ចើមផ្លូវ បណ្ដាលឱ្យបុរសម្នាក់ជាតៃកុងកង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។ ចំណែកបុរស២នាក់ដែលជាម្ចាស់ម៉ូតូ២គ្រឿងរងការខូចខាតនោះ បានរងរបួសស្រាល។

ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានចាប់បុរសម្នាក់ជាតៃកុងរថយន្តបង្ក ទៅកាន់ប៉ុស្ដិ៍រដ្ឋបាលផ្សារដេប៉ូ៣ រង់ចាំប្រគល់ឱ្យប៉ូលិសជំនាញចរាចរណ៍ក្រុងតាមក្រោយ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូការខូចខាតទាំង២គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab