ហ្មដំរីម្នាក់នៅឥណ្ឌាខំប្រឹងវាយដំរីពេក រហូតជំពប់ជើងដួល ត្រូវដំរីសង្កត់ស្លាប់

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលហ្មដំរីម្នាក់ត្រូវបានដំរីសង្កត់រហូតដល់ស្លាប់ បន្ទាប់ពីបុរសរូបនេះប្រឹងវាយដំរីខ្លាំងពេករហូតដល់អស់ជំហរដួលនៅក្រោមដំរី និងត្រូវដំរីសង្កត់ជាប់ភ្លាមៗតែម្តង។

វីដេអូបង្ហាញពីទិដ្ឋភាពលោក Arun Panikkar វ័យ ៤០ឆ្នាំ កំពុងដុសសម្អាតដំរីនៅក្នុងទីតាំងថែសត្វដំរីរបស់គាត់ក្នុងភូមិ Karappuzha ស្រុក Kottayam រដ្ឋ Kerala ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា។

គាត់ហាក់ដូចជាកំពុងព្យាយាមឱ្យដំរីលុតជង្គង់ក្នុងគោលបំណងដើម្បីសម្អាតខ្នងរបស់វា ប៉ុន្តែដំរីហាក់ដូចជាមានភាពស្ទាក់ស្ទើរ។

Panikkar បានវាយវាជាមួយនឹងរំពាត់មួយ ប៉ុន្តែខណៈខ្លួនប្រឹងវាត់ដំរីមួយអស់ដៃ គាត់បានរអិលជើង និងដួល ស្របពេលដែលដំរីយល់ព្រមលត់ជង្គង់ភ្លាមៗផងដែរ។

នាពេលបន្ទាប់គេឃើញមានបុរសដទៃទៀតប្រញាប់ប្រញាល់រត់ទៅកាន់កន្លែងកើតហេតុ និងព្យាយាមឱ្យដំរីធ្វើបម្លាស់ទីចេញ តែគ្មានសំណាង។ បុរសរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕


 

adverise with khmeread