បុរសៗនៅឥណ្ឌានាំគ្នាជ្រួលជ្រើមកាត់ម៉ូតពុកចង្កាតាមវីរបុរសបើកយន្តហោះចម្បាំងដែលប៉ាគីស្ថានចាប់ខ្លួន

ពីឡុតយន្តហោះចម្បាំងឥណ្ឌា ដែលត្រូវបានចាប់ខ្លួនដោយទ័ពប៉ាគីស្ថាន បន្ទាប់ពីយន្តហោះរបស់គាត់ត្រូវបានបាញ់ធ្លាក់ចូលក្នុងដែនដីសត្រូវ បានបង្កឱ្យមានទិន្នាការលេងស្ទីលពុកចង្កាដ៏ចម្លែកថ្មីមួយ ក្រោយការវិលត្រឡប់ដ៏ហ៊ឹកហាក់មកកាន់ប្រទេសកំណើតរបស់គាត់វិញ។

លោក Abhinandan Varthaman មានភាពល្បីល្បាញជាខ្លាំង និងត្រូវបានគេចាត់ទុកជាវីរបុរស បន្ទាប់ពីគាត់បានលោតចេញពីយន្តហោះ និងចុះនៅលើតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីសប្តាហ៍មុន ចំពេលកំពុងមានភាពតានតឹងនៅច្រកព្រំដែនប្រទេសទាំងពីរ។

វីដេអូចេញផ្សាយដោយក្រសួងព័ត៌មានប៉ាគីស្ថាន បានបង្ហាញពីភាពនឹងធឹងរបស់ពីឡុតរូបនេះខណៈអង្គុយផឹកតែនៅពេលកំពុងជាប់នៅទឹកដីប៉ាគីស្ថាន ជាហេតុធ្វើឱ្យគាត់ត្រូវបានចាត់ទុកជាវីរបុរសជាតិមួយរូបក្នុងប្រទេសឥណ្ឌា និងជានិមិត្តរូបមួយសម្រាប់សន្តិភាព រវាងប្រទេសទាំងពីរ។

លោក Varthaman បានវិលទៅកាន់ប្រទេសកំណើតខ្លួនវិញ ហើយប្រិយមិត្តជាច្រើនចង់សម្តែងការដឹងគុណដល់វីរបុរសថ្មីរបស់ប្រទេសរូបនេះ ដោយចាប់ផ្តើមត្រាប់តាមពុកចង្កាដ៏ទាក់ទាញរបស់គាត់ ដែលបច្ចុប្បន្នត្រូវបានគេដាក់ឈ្មោះជាម៉ូត "Abhinandan"។

ភាពតានតឹងតំបន់កាស្មៀររវាងប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរបានផ្ទុះឡើង បន្ទាប់ពីការបំផ្ទុះរថយន្តមួយ ដោយពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន បានសម្លាប់មន្ត្រីប៉ូលិសឥណ្ឌាជាង ៤០នាក់កាលពីពាក់កណ្តាលខែកុម្ភៈ៕


 

adverise with khmeread
tiger
Loading ad ...