ម្ចាស់ Facebook ខាតលុយ៩ពាន់លានដុល្លារ ឥឡូវធ្លាក់ចំណាត់ថ្នាក់មកត្រឹមលេខ៨ ចំណែកមហាសេដ្ឋីកំពូលទាំង៣ រក្សាតំណែងបានដដែល

លោក Jeff Bezos នៅតែជាមហាសេដ្ឋីដែលមានទ្រព្យសម្បតិ្តច្រើនជាងគេនៅលើពិភពលោក ដោយនាំមុខលោក Bill Gates និងលោក Warren Buffett។ នេះបើយោងតាមបញ្ជីមហាសេដ្ឋីផុតលេខរបស់ទស្សនាវដ្តី Forbes។

ប៉ុន្តែខណៈដែលអ្វីៗមានស្ថិរភាពនៅទីកំពូលនៅក្នុងតារាងចំណាត់ថ្នាក់នេះ ស្ថាបនិករបស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានធ្លាក់ចុះចំនួន ៣ កាំ ហើយអតីតអភិបាលក្រុងញូវយ៉កលោក Michael Bloomberg បានកើនឡើងចំនួន ២ កាំ។

យោងតាមបញ្ជីដែលបានប្រកាសកាលពីថ្ងៃអង្គារទី៥មីនាដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Bezos អាយុ ៥៥ ឆ្នាំបានកើនឡើងចំនួន ១៩ ពាន់លានដុល្លារក្នុងរយៈពេល ១ ឆ្នាំហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិចំនួន ១៣១ ពាន់លានដុល្លារ។

លោក Bezos ដែលមានភាគហ៊ុន ១៦ ភាគរយក្នុងក្រុមហ៊ុន Amazon ហើយដែលទ្រព្យសម្បត្តិរបស់គាត់ឥឡូវនេះបានធ្វើឱ្យគាត់ក្លាយជាគោលដៅរបស់ពួកឆ្វេងនិយមរបស់គណបក្សប្រជាធិបតេយ្យរបស់អាមេរិកនោះ បានពង្រីកគម្លាតទ្រព្យសម្បត្តិកាន់តែធំខ្លាំងឡើងរវាងរូបគាត់និងមហាសេដ្ឋីចិត្តសប្បុរសនិងជាសហស្ថាបនិករបស់ Microsoft លោក Bill Gates។

ទស្សនាវដ្តី Forbes និយាយថា លោក Bill Gates អាយុ ៦៣ ឆ្នាំបានកើនទ្រព្យសម្បត្តិដល់ ៩៦,៥ ពាន់លានដុល្លារ​ គឺកើនឡើងពី ៩០ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។

ចំណាត់លេខ ៣ គឺកាន់កាប់ដោយលោក Warren Buffett អាយុ ៨៨ ឆ្នាំ។ លោកត្រូវបានគេចាត់ទុកថាជាកំពូលអ្នកវិនិយោគជាយូរមកហើយ ប៉ុន្តែលោកបានទទួលរងការខាតបង់កាលពីចុងខែកុម្ភៈដោយសារការធ្លាក់ចុះយ៉ាងខ្លាំងក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាហារកែច្នៃអាមេរិក Kraft Heinz ដែលគាត់បានវិនិយោគ។

ទស្សនាវដ្តីនេះបានប៉ាន់ប្រមាញថា ទ្រព្យសម្បត្តិរបស់លោក Warren Buffett បានធ្លាក់ចុះចំនួន ១,៥ ពាន់លានដុល្លារមកនៅត្រឹម ៨២,៥ ពាន់លានដុល្លារ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនលក់ផលិតផលប្រណីតរបស់បារាំង LVMH លោក Bernard Arnault ឈរនៅលំដាប់លេខ ៤។ ប៉ុន្តែលោក Zuckerberg បានខាតបង់ទ្រព្យសម្បត្តិសុទ្ធចំនួន ៩ ពាន់លានដុល្លារនិងបានធ្លាក់ចុះពីលេខ ៥ មកលេខ ៨។

អ្នកដែលនាំមុខលោកហ្សាក់ឃើបឺកឥឡូវនេះគឺមហាសេដ្ឋីម៉ិកស៊ិកលោក Carlos Slim លោក Amancio Ortega ជនជាតិអេស្ប៉ាញ ដែលជាសហស្ថាបនិកក្រុមហ៊ុន Zara and Inditex និងលោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle។

Forbes បានឱ្យដឹងថា លោក Michael Bloomberg បានឡើងពីចំណាត់លេខ ១១ ទៅលេខ៩ ខណៈទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ៥៥,៥ ពាន់លានដុល្លារពី ៥០ ពាន់លានដុល្លារ។

ជនជាតិអាមេរិកនៅតែគ្របដណ្ដប់លើបញ្ជីមហាសេដ្ឋីលើពិភពលោក ជាមួយមហាសេដ្ឋីកំពូល ១៤ នាក់ក្នុងចំណោមមហាសេដ្ឋីកំពូល ២០ នាក់គឺមកពីសហរដ្ឋអាមេរិក។

មហាសេដ្ឋីផ្សេងទៀតក្រៅពីជនជាតិអាមេរិកនៅក្នុងចំណោមអ្នកទាំង ២០ នាក់នោះ មានដូចជា មហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani ប្រធានក្រុមហ៊ុន Reliance Industries ជាប់ចំណាត់ថ្នាក់លេខ ១២ និងលោក Ma Huateng របស់ចិន ដែលជាប្រធានក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Tencent ជាប់ចំណាត់ថ្នាក់លេខ ២០៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab