គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់២នាក់និង របួសធ្ងន់២នាក់

​បន្ទាយមានជ័យ​ ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែក២នាក់ផ្សេងទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីដោយឡែកពីគ្នា នៅក្រុងសិរីសោភ័ណ និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ នៅ ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩។ 

​លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យប៉ូលិសចរាចរណ៍បានឱ្យដឹងថា នៅវេលាម៉ោង ៦ និង១០នាទី ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងទីប្រជុំជនលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខផ្លូវចូលពន្ធនាគារខេត្ត ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ។

​លោកនាយរងការិយាល័យបន្តថា ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M 4068 បើកបរពីកើតទៅលិចបានបត់ឆ្វេង ស្របទិសគ្នា ជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K 3190 បើកបរក្នុងល្បឿនលឿនឡើងជែងម៉ូតូវេវ។ 

​លុះដល់ចំណុចខាងលើក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1G 2070 ដែលបើកបរច្រាសទិសគ្នា ពីលិចទៅកើត បុកចំហៀងខាងឆ្វេង បណ្តាលឱ្យដួលអូសម៉ូតូវីវ៉ា បង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់។ 
     
​លោកនាយរងបន្តទៀតថា ជនរងគ្រោះដែលស្លាប់ឈ្មោះ សៀន និត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ចំណែកមនុស្ស២នាក់ទៀតដែលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ឈ្មោះទេ ដោយត្រូវបានគេជួយសង្រ្គោះដឹកទៅមន្ទីរពេទ្យ។ ចំពោះវត្ថុតាងម៉ូតូទាំង៣គ្រឿង បានយកមករក្សាទុកនៅការិយាល័យ ចរាចរណ៍រងចាំធ្វើការដោះស្រាយពេលក្រោយ។
 
​ករណីមួយទៀត នៅស្រុកព្រះនេត្រព្រះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកជាមួយរថយន្ត កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងទីប្រជុំជន ក្បែរគល់ស្ពានលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ 0333-0334 ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ 

​លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការប៉ូលិសស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា មុនដំបូងមានម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខី ផល្លា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអូរដំបង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង  (មានពាក់មួកសុវត្ថិភាព) បើកបរមក ពីទិសខាងកើត ទៅទិសខាងលិច។ 

​ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវលាយលឿង  ពាក់ស្លាកលេខ ភ្នំពេញ 2K 1507 បុកចំកណ្តាលទ្រូងផ្លូវពេញមួយទំហឹងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ 

​បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងរថយន្តខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុករង់ចាំធ្វើការដោះស្រាយពេលក្រោយ៕