កុមារីអាយុ៩ឆ្នាំរងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋដាច់ដៃម្ខាង​

​ភ្នំពេញ​ ៖ មានករណីក្មេងស្រី អាយុ៩ឆ្នាំ រងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ ចូលដៃក្នុងម៉ាស៊ីនកិនឥដ្ឋ បណ្តាលឱ្យដាច់ដៃម្ខាង​ កើតឡើង​ នាថ្ងៃ​ទី០៩ មីនា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៣០នាទី នៅចំណុចសិប្បកម្មឡឥដ្ឋភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ ភេទស្រី អាយុ ០៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសដាច់ដៃខាងស្តាំត្រឹមក្លៀក)​ មានឪពុកឈ្មោះ ឆេង ប៊ុនហំ អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំជាមួយគ្នា។

​ប៉ូលិសបន្តថា​ រយៈពេល ៦ឆ្នាំ មកហើយ ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ-កូន បានមកស្នាក់នៅ ធ្វើការជាកម្មករឡឥដ្ឋ ឱ្យលោកថៅកែឈ្មោះ លាង ស្រ៊ុន នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់។ នៅថ្ងៃទី០៩ មីនា ២០១៩ វេលាម៉ោង ៧ព្រឹក ឈ្មោះ ឆេង ប៊ុនហំ និងប្រពន្ធ បានបញ្ឆេះម៉ាស៊ីនកិនឥដ្ឋ ដោយឈ្មោះ ឆេង ប៊ុនហំ ជាអ្នកចាក់ដីបោះចូលម៉ាស៊ីន។ ឯឈ្មោះ ឃឹម ចាន់ណា ជាប្រពន្ធ និងកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងរៀបឥដ្ឋដាក់លើរទះ។

​លុះដល់វេលាម៉ោង ៩និង៣០ នាទី ថ្ងៃដដែល ពេលឥដ្ឋពេញរទះ ឈ្មោះ ឆេង ប៊ុនហំ បានអូសរទេះយកឥដ្ឋទៅរៀបហាលថ្ងៃ។ ពេលឈ្មោះ ឆេង ប៊ុនហំ កំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែឃើញកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ចូលដៃខាងស្តាំទៅក្នុងម៉ាស៊ីនកិនឥដ្ឋ។ ឃើញដូចនោះឈ្មោះ ឆេង ប៊ុនហំ និងកម្មករឡឥដ្ឋនៅក្បែរនោះបាននាំជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក បន្ទាប់មកមន្ទីរពេទ្យបង្អែកស្រុក បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅពេទ្យឯរាជធានីភ្នំពេញ។

​បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ មានសមត្ថកិច្ចនិងសប្បុរសជន​ បានរៃអង្គាសថវិកាមួយចំនួនជួយដល់កុមារីរងគ្រោះ។ ជុំវិញករណីនេះ​ គេមិនទាន់ឃើញសមត្ថកិច្ចចាត់ការទៅលើម្ចាស់សិប្បកម្មយ៉ាងណានៅឡើយ​ ដែលប្រើកុមារធ្វើពលកម្មធ្ងន់ធ្ងរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab