ជនពាក់ខោអាវស៊ីវិល៥នាក់បាញ់ផ្អើលវត្ត និងវាយបុរសម្នាក់បែកកក្បាល រួចចាប់យកទៅបាត់

​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះអាវុធកើតឡើង​ នៅ​ក្នុង​វត្ត​ឬ​ស្សី​ស្រស់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ ជា​ច្រើន​អង្គ​ កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៩ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។

​​ប្រភព​ពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុងវត្ត​ប្ញ​ស្សី​ស្រស់ មាន​សង្ឃ​ដីកាប្រាប់​ថា មុន​ពេល​កើតហេតុ​ ឃើញ​មាន​ម៉ូតូ​៣​គ្រឿង ​មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ី​វិល បាន​ជិះ​ចូល​មក​ក្នុង​វត្ត តាមក្លោងទ្វារខាងកើត រួច​ធ្វើ​សកម្មភាព វាយ​ទៅ​លើ​បុរស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បណ្តាល​ឱ្យបែកក្បាល រួច​ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​៥​នាក់ បាន​ដក​កាំភ្លើង​បាញ់​ភ្ជុច​ដី​២​គ្រាប់ តែ​ផ្ទុះ​១​គ្រាប់ ចំណែក​១​គ្រាប់​ទៀតធ្លាក់​លើ​ដី​។

​ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ និង​ផ្ទុះអាវុធ​រួច ក្រុម​ស៊ី​វិល​ទាំង​៥​នាក់​នោះ បាន​នាំ​ខ្លួន​ជនសង្ស័យ​ឡើង​លើ​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ ប៉ុន្តែ​មុន​នឹង​ជិះ​ចេញ​ទៅ ព្រះសង្ឃ​ក្នុង​វត្ត​បាន សួរ​ថា «ញោម​យក​ជនសង្ស័យទៅ​ណា។ »រួច​ហើយ​ក្រុម​ខ្មាន់កាំភ្លើង​បាន​ឆ្លើយ​ថា «យក​ទៅ​កាន់​ប៉ុស្តិ៍​និរោធ​ »។
 
​តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍​និរោធ​វិញ បាន​ឱ្យ​ដឹង​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​វត្ត​ឫ​ស្សី​ស្រស់ ពិតប្រាកដ​មែន តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ គឺ​ឃើញ​តែ​សម្បក​គ្រាប់​១​គ្រាប់ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​១​គ្រាប់ ។ សមត្ថកិច្ច​មិនបានដឹងថាខ្មាន់កាំភ្លើង​ យក​ជន​រង​គ្រោះ​ទៅ​ណា​នោះទេ ហើយ​ក៏​មិនដឹង​ថា សមត្ថកិច្ច​ខាង​ណា​​ប្រាកដ​ដែរ។

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​បាន​ឱ្យ​ដឹង​ថា ពេល​កម្លាំង​លោក​ទៅ​ដល់​ក្នុង​វត្ត ឬ​ស្សី​ស្រស់ គឺ​ឃើញ​តែ​ព្រះសង្ឃ​ប៉ុន្មាន​អង្គ និង​ស្នាម​ផ្ទុះអាវុធ  ព្រមទាំងខ្សែក ក្រឡៃមួយខ្សែ និងឡេវអាវ ដែលដាច់ តែ​ប៉ុណ្ណោះ​ នៅ​កន្លែង​កើតហេតុ។ តែក្រោយមកក៏ឃើញមានមួកមួយ ប្រលាក់ឈាមថ្មីៗផង​ដែរ ទើបសមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅ យកមករក្សាទុក​ រួចធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត​ ដោយ​មិនទាន់អាចសន្ឋិដ្ឋានថា ជា​ករណី​អ្វី​នៅឡើយទេ​។ 

​ក្រោយ​កើតហេតុ ព្រះថេរានុថេរៈ​ជាច្រើនព្រះអង្គ​​ ដែល​គង់នៅ​ក្នុង​វត្ត​ឫស្សី​ស្រស់ខាងលើ ​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​សំណូមពរ​ដល់​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ មេត្តា​ជួយ​ស្វែងរក​ខ្មាន់កាំភ្លើង​ ដែល​ផ្ទុះអាវុធ​នៅ​ក្នុង​វត្តទាំងយប់នោះផង​ តើ​ជា​សមត្ថកិច្ច​ខាង​ណា​​ពិតប្រាកដ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab