ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងនៃការផ្ទុះដ៏ធំមហិមាចេញពីព្រះអាទិត្យ

ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាងនៃការផ្ទុះដ៏ធំសម្បើមនៃវិទ្យុសកម្មពីព្រះអាទិត្យ ដែលបានវាយប្រហារផែនដីជាង ២០០០ ឆ្នាំមកហើយ។ នេះបើយោងតាម BBC ចេញផ្សាយកាលពីថ្ងៃទី១២មីនា។

លទ្ធផលនេះមានផលប៉ះពាល់យ៉ាងសំខាន់លើពេលបច្ចុប្បន្ននេះ ពីព្រោះព្យុះព្រះអាទិត្យអាចរំខានដល់បច្ចេកវិជ្ជាទំនើប។

ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញភស្តុតាងនៅក្នុងស្នូលទឹកកកនៅតំបន់ហ្គ្រីនលែន ដែលថាផែនដីធ្លាប់ត្រូវបានបុកទង្គិចជាមួយនឹងភាគល្អិតប្រូតុងពីព្រះអាទិត្យកាលពីឆ្នាំ ៦៦០ មុនគ.ស។

ព្រឹត្ដិការណ៍នេះមានកម្លាំង ១០ ដងខ្លាំងជាងពេលណាៗទាំងអស់ ចាប់តាំងពីការកត់ត្រាដោយឧបករណ៍សម័យទំនើបបានចាប់ផ្ដើម។

ព្រះអាទិត្យបានបញ្ចេញនូវបន្ទុះដ៏ធំនៃភាគល្អិតនិងវិទ្យុសកម្មផ្សេងទៀតយូរៗម្តង ដែលអាចធ្វើដំណើរឆ្ពោះទៅរកភពផែនដីយើង។

វិទ្យុសកម្មនេះក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពសម្រាប់អវកាសយានិកផងដែរ។ ហើយអ្នកដំណើរ និងនាវិកនៅលើយន្តហោះ ដែលហោះហើរនៅកម្ពស់ខ្ពស់ និងជិតប៉ូលដូចជានៅលើផ្លូវឆ្លងកាត់អាត្លង់ទិកអាចទទួលកាំរស្មីវិទ្យុសកម្មខ្លាំង ថ្វីបើវាអាស្រ័យទៅលើអថេរជាច្រើនក៏ដោយ៕
 

adverise with khmeread
tiger
Loading ad ...