ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ត្រូវបានប៉ូលសចាប់ខ្លួនក្នុង ករណីប្រើអំពើហិង្សាដោយចេតនា និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ មីនា ២០១៩ ម៉ោង០២ រំលងអធ្រាត្រ។
បូលសនិយាយថា ជនរងគ្រោះឈ្មោះ សួន សុខណូ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេសម្រស់បុប្ផា១ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះ អាប់ ឌុលរ៉ូហ្សិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិន ពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។
ប៉ូលិសបន្តថា កាលពីថ្ងៃទី ១២ មីនា ២០១៩ ម៉ោង០២ រំលងអធ្រាត្រ ជនរងគ្រោះត្រូវបានថៅកែខា រ៉ាអូខេប្រើឱ្យជិះម៉ូតូទៅយកនារីនៅខារ៉ាអូខេសម្រស់បុប្ផា២។ ពេលទៅដល់ក៏ជួបជនសង្ស័យ៤នាក់ ឈ្មោះ អាប់ឌុល រ៉ូហ្សិត, ឈ្មោះ ហ្វី, ឈ្មោះ អី និងឈ្មោះហ្វា កំពុងផឹកស្រានៅចំណុចកើតហេតុ។
ពេលនោះជនសង្ស័យឈ្មោះ អាប់ឌុល រ៉ូហ្សិត បាន បក់ដៃហៅជនរងគ្រោះឱ្យមកជួបសួរថា "អ្ហែងកាងស្រីនៅទីនេះមែនឬ? "។ ជនរងគ្រោះឆ្លើយថា "មិនមែនកាងស្រីទេ"។ ថៅកែឱ្យមកដឹកនារីនៅទីនេះ។
ភ្លាមនោះជនសង្ស័យទាំង០៤នាក់ មានខ្លះដកខ្សែក្រវ៉ាត់វាយជនរងគ្រោះ បណ្តាលឱ្យរបួសកដៃខាងស្តាំ ក្រោមក្លៀកខាងស្តាំ កែងដៃខាងឆ្វេង និងថ្ពាល់ខាងស្តាំ រួចនាំគ្នារត់គេចខ្លួនបាត់អស់។ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា។
លុះដល់ម៉ោង១១ ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អាប់ឌុល រ៉ូហ្សិត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងត្រួតពិនិត្យ លើខ្លួនជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច រួចក៏បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
