adverise with khmeread 9

កំពូលគ្រូបង្វឹកក្រុមបាល់ទាត់ដែលល្អបំផុតទាំង ១០ រូបក្នុងប្រវត្តិសាស្ត្រ

របៀបលេងនៅលើទីលាននិងភាពជោគជ័យរបស់ក្រុមបាល់ទាត់មួយគឺភាគច្រើនស្ថិតទៅលើការចូលរួមរបស់គ្រូបង្វឹកនិងការខិតខំរបស់កីឡាករក្នុងក្រុមមួយនោះ។ គ្រូបង្វឹកដែលអាចធ្វើឲ្យកីឡាកររបស់ខ្លួនក្លាយជាកីឡាករកំពូលតែងតែត្រូវបានគេចងចាំជានិច្ច។ តោះបន្តអានទាំងអស់គ្នាថាតើកំពូលគ្រូបង្វឹករូបណាដែលជាប់ជាកំពូលគ្រូបង្វឹកទាំង ១០។  

១. លោក Alex Ferguson
អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Alex Ferguson បានបង្កើតប្រវត្តិសាស្រ្តឲ្យក្លឹបដោយគាត់បានបង្កើតក្រុមមួយ ដែលទទួលបានជោគជ័យខ្លាំងណាស់ហើយបានត្រួសត្រាយក្លឹបឲ្យឈ្នះនូវពានរង្វាន់ជាច្រើន។ គាត់បានដឹកនាំក្រុមបិសាចឈ្នះពានរង្វាន់ Premier League ចំនួន ១៣ លើក និងបានធានាក្រុមរបស់គាត់បញ្ចប់ក្នុងលំដាប់កំពូលទាំងពីរជាង ២១ រដូវកាលបានយ៉ាងជោគជ័យ ប៉ុន្តែបានធ្លាក់មកលំដាប់ទីបីត្រឹមតែបីរដូវកាលប៉ុណ្ណោះ។

នៅអំឡុងពេលដែលគាត់គ្រប់គ្រងក្រុម គាត់បានដឹកនាំក្លឹបឈ្នះពានរង្វាន់ UEFA Champions League ចំនួនពីរដង គឺនៅក្នុងឆ្នាំ ១៩៩៩ និង ២០០៨ ។ Alex Ferguson
ក៏បានឈ្នះពានរង្វាន់ Premier League ចំនួនបីរដូវកាលជាប់ៗគ្នាចំនួនពីរដងដែរគឺនៅក្នុងរដូវកាល ១៩៩៩ ដល់ ២០០១ និង ២០០៧ ដល់ ២០០៩ ដែលជាសមិទ្ធិផលមួយគ្មានអ្នកណាអាចធ្វើបានដូចនោះទេ។ មុននឹងចូលរួម ជាមួយនឹងក្រុមបិសាចក្រហម គាត់បានបង្កើតកេរ្តិ៍ឈ្មោះដោយខ្លួនគាត់ ដោយបានដឹកក្រុមបាល់ទាត់របស់ស្កុតឡែនគឺ Aberdeen ឲ្យឈ្នះពានមួយចំនួនដោយរួមបញ្ចូលពានរង្វាន់ Cup Winners' Cup ក្នុងឆ្នាំ ១៩៨៣ ផងដែរ។

ឆ្នាំសកម្ម: ១៩៧៤-២០១៣
ក្រុមដែលបានគ្រប់គ្រង: East Stirlingshire, Aberdeen, St. Mirren, Scotland, Manchester United។

សមិទ្ធិផល
ក្លឹប St. Mirren
- ជើងឯក Scottish First Division (១) ១៩៧៦-៧៧

ក្លឹប Aberdeen
- ជើងឯក Scottish Premier Division (៣) ១៩៧៩-៨០, ១៩៨៣-៨៤, ១៩៨៤-៨៥
- ពាន Scottish Cup (៤) ១៩៨១-៨២, ១៩៨២-៨៣, ១៩៨៣-៨៤, ១៩៨៥-៨៦
- ពាន Scottish League Cup (១) ១៩៨៥-៨៦ 
- ពាន Drybrough Cup (១) ១៩៨០
- ពាន UEFA Cup Winners' Cup (១) ១៩៨២-៨៣
- ពាន UEFA Super Cup (១) ១៩៨៣

ក្លឹប Manchester United
- ជើងឯក Premier League (១៣) ១៩៩២-៩៣, ១៩៩៣-៩៤, ១៩៩៥-៩៦, ១៩៩៦-៩៧, ១៩៩៨-៩៩, ១៩៩៩-២០០០, ២០០០-០១, ២០០២-០៣, ២០០៦-០៧, ២០០៧-
០៨, ២០០៨-០៩, ២០១០-១១, ២០១២-១៣ 
- ពាន FA Cup (៥) ១៩៨៩-៩០, ១៩៩៣-៩៤, ១៩៩៥-៩៦, ១៩៩៨-៩៩, ២០០៣-០៤
- ពាន League Cup (៤) ១៩៩១-៩២, ២០០៥-០៦, ២០០៨-០៩, ២០០៩-១០ 
- ពាន FA Charity/Community Shield (១០) ១៩៩០, ១៩៩៣, ១៩៩៤, ១៩៩៦, ១៩៩៧, ២០០៣, ២០០៧, ២០០៨, ២០១០, ២០១១ 
- ពាន UEFA Champions League (២) ១៩៩៨-៩៩, ២០០៧-០៨
- ពាន UEFA Cup Winners' Cup (១) ១៩៩០-៩១
- ពាន UEFA Super Cup (១) ១៩៩១
- ពាន Intercontinental Cup (១) ១៩៩៩
- ពាន FIFA Club World Cup (១) ២០០៨

២. លោក Rinus Michels
លោក Rinus Michels ជាប់ចំណាត់ថ្នាក់ជាគ្រូបង្វឹកបាល់ទាត់ល្អបំផុតក្នុងពិភពលោក ដោយត្រូវបានគេចងចាំថាជាបិតានៃបាល់ទាត់ 'Total​ Football' មានន័យថាកីឡាករក្នុងទីលានទាំងអស់អាចលេងគ្រប់តំណែងលើកលែងតែអ្នកចាំទី។ សិមិទ្ធផលសំខាន់របស់គាត់សមត្ថភាពដាក់វិន័យដ៏ម៉ឺងម៉ាត់នៅក្នុងក្រុមរបស់គាត់។ គាត់បានចូលរួមជាមួយក្រុមបាល់ទាត់ Ajax ក្នុងឆ្នាំ ១៩៤៦ ចំពេលដែលក្រុមកំពុងរើបំរាស់ចេញពីតំបន់កាត់ចោល។ បន្ទាប់មក
គាត់ក៏បានធ្វើក្រុមនេះក្លាយជាក្រុមដ៏អស្ចារ្យមួយរហូតឈានទៅក្លាយជាក្រុមដែលមានឈ្មោះបោះសម្លេងល្បីមួយនៅអឺរ៉ុប។ គាត់បានដឹកនាំ Ajax ពានរង្វាន់ Eredivisie ចំនួន ៤ និង European Cup ក្នុងឆ្នាំ ១៩៧១ និងពានរង្វាន់ធំៗដទៃទៀតជាច្រើន។ គាត់ក៏បានដឹកនាំក្រុមបាល់ទាត់ Barcelona និង​ FC Koln ដោយឈ្នះពានជាមួយក្រុមទាំងពីរនេះផងដែរ ។
គាត់ត្រូវបានគេដាក់ឈ្មោះជាគ្រូបង្វឹកល្អប្រចាំសតវត្សទី ១៩ ដោយ FIFA ក្នុងឆ្នាំ ១៩៩៩ ។

លោកក៏បានដឹកនាំក្រុមជម្រើសជាតិហូឡង់ឲ្យឡើងទៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោកឆ្នាំ ១៩៧៤ ប៉ុន្តែត្រូវរងបរាជ័យក្រោមថ្វីដៃអាល្លឺម៉ង់ក្នុងលទ្ធផល ២-១ ។ ក្រុមរបស់គាត់ពេលនោះគឺសំបូរទៅដោយកីឡាករមានទេពកោសល្យដូចជា Johan Cruyff, Neeskens និង Van Hanagen។ ដោយដឹកនាំក្រុមជម្រើសជាតិហូឡង់អស់រយៈពេល ១៤ ឆ្នាំមក គាត់ក៏បានជួយឲ្យក្រុមជម្រើសជាតិឈ្នះពានរង្វាន់ European Championship ឬពានយូរ៉ូក្នុងឆ្នាំ ១៩៨៨ ផងដែរ។

ឆ្នាំសកម្ម: ១៩៦០-១៩៩២
ក្រុមដែលបានគ្រប់គ្រង: Ajax, FC Koln, Barcelona, Bayer Leverkusen។

សមិទ្ធិផល
ក្លឹប Ajax
- ជើងឯក Eredivisie (៤) ១៩៦៥-៦៦, ១៩៦៦-៦៧, ១៩៦៧-៦៨, ១៩៦៩-៧០
- ពាន KNVB Cup (៣) ១៩៦៦-៦៧, ១៩៦៩-៧០, ១៩៧០-៧១
- ពាន European Cup (១) ១៩៧០-៧១
- ពាន UEFA Intertoto Cup (១) ១៩៦៨

ក្លឹប Barcelona
- ជើងឯក La Liga (១) ១៩៧៣-៧៤
- ពាន Copa del Rey (១) ១៩៧៧-៧៨
- ពាន Inter-Cities Fairs Cup Trophy (១) ១៩៧១

ក្លឹប FC Köln
- ពាន DFB Pokal (១) ១៩៨២-៨៣
ប្រទេស ហូឡង់ ឬ Netherlands
- ពានរង្វាន់ យូរ៉ូ ឬ UEFA European Championship (១) ១៩៨៨

៣. លោក Jock Stein
Jock Stein គឺជាវីរៈបុរសម្នាក់ដែលបានលើកក្រុមបាល់ទាត់ Celtic ឲ្យមានមុខមាត់ក្នុងប្រទេសស្កុតឡែនក៏ដូចជាក្រុមខ្លាំងមួយក្នុងតំបន់អឺរ៉ុបមកដល់សព្វថ្ងៃផងដែរ។ គាត់ក៏បានស្ថិតក្នុងចំណោមគ្រូបង្វឹក ដែលបានអនុវត្តន៍យុទ្ធសាស្ត្របាល់ទាត់ 'Total Football' បានយ៉ាងជោគជ័យផងដែរ ។ ក្រុមរបស់គាត់បានឈ្នះពានរង្វាន់លីកកំពូលរបស់ស្កុតឡែនចំនួន ១០ ដង ដោយឈ្នះជាប់ៗគ្នា ៩ ដងក្នុងចន្លោះ ឆ្នាំ ១៩៦៦ ដល់ ១៩៧៤ ។

ក្រោមការដឹកនាំរបស់គាត់ Celtic បានឈ្នះពានរង្វាន់ Scottish Cup ចំនួន ៨ និង European Cup (Champions League) ចំនួន ១ ក្នុងឆ្នាំ ១៩៦៧ ដោយពេលនោះពួកគេបានបំបាក់ក្រុម Inter Milan ដោយលទ្ធផល ២-១ ក្លាយជាក្រុមរបស់ចក្រភពអង់គ្លេសតែមួយគត់ដែលបានឈ្នះពានរង្វាន់នេះ។ ចំនុចពិសេសរបស់គាត់គឺគាត់បានកសាងក្រុមដ៏កំពូលមួយដោយមិនបានទិញកីឡាករតម្លៃថ្លៃណាមួយឲ្យចូលរួមជាមួយ Celtic ទេ ។

ឆ្នាំសកម្ម: ១៩៦០-១៩៨៥
ក្រុមដែលបានគ្រប់គ្រង: Duntermline Athletic, Scotland, Hibernian, Celtic, Leeds United និង ប្រទេសស្កុតឡែន។ 

សមិទ្ធិផល
ក្លឹប Dunfermline Athletic
- ពាន Scottish Cup (១) ១៩៦០-៦១

ក្លឹប Hibernian
- ពាន Summer Cup (១) ១៩៦៤

ក្លឹប Celtic
- ពាន Scottish league championships (១០) ១៩៦៥-៦៦, ១៩៦៦-៦៧, ១៩៦៧-៦៨, ១៩៦៨-៦៩, ១៩៦៩-៧០, ១៩៧០-៧១, ១៩៧១-៧២, ១៩៧២-៧៣, ១៩៧៣-៧៤,
១៩៧៦-៧៧
- ពាន Scottish Cup (៨) ១៩៦៤-៦៥, ១៩៦៦-៦៧, ១៩៦៨-៦៩, ១៩៧០-៧១,  ១៩៧១-៧២, ១៩៧៣-៧៤, ១៩៧៤-៧៥, ១៩៧៦-៧៧
- ពាន Scottish League Cup (៦) ១៩៦៥-៦៦, ១៩៦៦-៦៧, ១៩៦៧-៦៨, ១៩៦៨-៦៩, ១៩៦៩-៧០, ១៩៧៤-៧៥
- ពាន European Cup (១) ១៩៦៦-៦៧
ប្រទេស Scotland
- ពាន Rous Cup (១) ១៩៨៥

៤. លោក Ernst Happel
គ្រូបង្វឹកសញ្ជាតិអូទ្រីសលោក Ernst Happel ចូលចិត្តលេងក្បួនប្រយុទ្ធដោយដាក់សម្ពាធទៅលើគូប្រកួតមិនឲ្យដកដង្ហើមដោយគ្រប់គ្រងការលេងស្ទើរទាំងស្រុង។ គាត់មានឥទ្ធិពលខ្លាំងក្នុងបាល់ទាត់អឺរ៉ុបនិងឆាកអន្តរជាតិ ។ 

គាត់ជាគ្រូបង្វឹកដំបូងដែលបានឈ្នះពានរង្វាន់ European Cup ជាមួយក្រុមផ្សេងៗគ្នា។ ជោគជ័យដំបូងគឺជាមួយក្រុម Feyernood ក្នុងឆ្នាំ ១៩៧០ និងបន្ទាប់មកបានជួយក្រុមរបស់អាល្លឺម៉ង់ Hamburger SV ទទួលបានជោគជ័យក្នុងឆ្នាំ ១៩៨៣។ មិនតែប៉ុណ្ណោះគាត់ក៏បានជួយក្រុមមកពីប៊ែលហ្សិក Club Brugge បានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ១៩៧៨ ប៉ុន្តែត្រូវរងបរាជ័យក្រោមថ្វីជើង ក្រុមខ្លាំង Liverpool ដោយលទ្ធផល ១-០ ។

ឆ្នាំសកម្ម: ១៩៦២-១៩៩២
ក្រុមដែលបានគ្រប់គ្រង: Feyernood, Club Brugge, Sevilla, Hamburger SV, Austria, Netherlands និង ប្រទេសអូទ្រីស។ 

សមិទ្ធិផល
ក្លឹប ADO Den Haag
- ពាន Dutch Cup (១) ១៩៦៧-៦៨

ក្លឹប Feyenoord
- ជើងឯក Dutch Championship (១) ១៩៧០-៧១
- ពាន European Cup (១) ១៩៦៩-៧០
- ពាន Intercontinental Cup (១) ១៩៧០

ក្លឹប Club Brugge
- ជើងឯក Belgian Championship (៣) ១៩៧៥-៧៦, ១៩៧៦-៧៧, ១៩៧៧-៧៨
- ពាន Belgian Cup (១) ១៩៧៦-៧៧

ក្លឹប Standard Liège
- ពាន Belgian Cup (១) ១៩៨០-៨១
- ពាន Belgian Supercup (១) ១៩៨១

ក្លឹប Hamburger SV
- ជើងឯក German Championship (២) ១៩៨១-៨២, ១៩៨២-៨៣
- ពាន German Cup (១) ១៩៨៦-៨៧
- ពាន European Cup (២) ១៩៨២-៨៣

ក្លឹប FC Swarovski Tirol
- ជើងឯក Austrian Championship (២) ១៩៨៨-៨៩, ១៩៨៩-៩០
- ពាន Austrian Cup (១) ១៩៨៨-៨៩

៥. លោក Bob Paisley
លោក Bob Paisley គឺជាវីរៈបុរសរបស់ក្រុមហង្សក្រហម Liverpool ដោយបានដឹកនាំក្រុមទទួលបានភាពជោគជ័យយ៉ាងសម្បើម។ ក្នុងចន្លោះឆ្នាំ ១៩៧៦ ដល់ ១៩៨៣ គាត់បាននាំក្រុម Liverpool ឈ្នះពាន Football League First Division (Premier League) ប្រាំមួយដង និងពានរង្វាន់ធំៗដទៃទៀតបូកបញ្ចូលទាំងពានរង្វាន់ UEFA Cup ក្នុងឆ្នាំ ១៩៧៦ ព្រមទាំង European Cup ចំនួន ៣ និង League Cup ចំនួន ៣ ផងដែរ ។ 

គាត់មានកំណត់ត្រាគួរឲ្យចាប់អារម្មណ៍ណាស់ ដោយបានឈ្នះពានរង្វាន់ចំនួន ១៩ ក្នុងរយៈពេល ៩ ឆ្នាំ ហើយត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អប្រឆ្នាំចំនួនប្រាំមួយដងក្នុងអំឡុងពេលនោះ។ គាត់ក៏បានក្លាយជាគ្រូបង្វឹកដំបូងគេដែលបានឈ្នះពានរង្វាន់ European Cup បីដង ក្នុងឆ្នាំ ១៩៧៧, ១៩៧៨ និង ១៩៨១ ប៉ុន្តែកំណត់ត្រាអស្ចារ្យនេះត្រូវបានលោក Carlo Ancelotti បំបែកបានដោយតាមស្មើភាពជោគជ័យរបស់គាត់នៅពេលដែលលោកដឹកនាំ Real Madrid ឈ្នះ Champions League ក្នុងឆ្នាំ ២០១៤។

ឆ្នាំសកម្ម: ១៩៥៨-១៩៨៣
ក្រុមដែលបានគ្រប់គ្រង: Liverpool។

សមិទ្ធិផល
ក្លឹប Liverpool
- ជើងឯក Football League First Division (៦) ១៩៧៥-៧៦, ១៩៧៦-៧៧, ១៩៧៨-៧៩, ១៩៧៩-៨០, ១៩៨១-៨២, ១៩៨២-៨៣
- ពាន League Cup (៣) ១៩៨០-៨១, ១៩៨១-៨២, ១៩៨២-៨៣ 
- ពាន FA Charity Shield (៦) ១៩៧៤, ១៩៧៦, ១៩៧៧, ១៩៧៩, ១៩៨០, ១៩៨២
- ពាន European Cup (៣) ១៩៧៦-៧៧, ១៩៧៧-៧៨, ១៩៨០-៨១
- ពាន UEFA Cup (១) ១៩៧៥-៧៦
- ពាន UEFA Super Cup (១) ១៩៧៧

៦. លោក Helenio Herrera
បុរសសញ្ជាតិអាហ្សង់ទីនលោក Helenio Herrera ជាគ្រូបង្វឹកម្នាក់ដែលមានឥទ្ធិពលក្នុងពិភពបាល់ទាត់។ គាត់ត្រូវបានគេចងចាំថាជាគ្រូបង្វឹកដែលចូលចិត្តលេងបាល់វាយបកលឿនៗ
"Quick Counter Attacks" ។ ភាពជោគខ្លាំងបំផុតរបស់គាត់គឺពេលនៅជាមួយក្រុមបាល់ទាត់ Inter Milan ដោយគាត់បានដឹកនាំក្រុមនេះលើកពាន Serie A បីដង ព្រមទាំង Coppa Italia និង European Cup នៅក្នុងឆ្នាំ ១៩៦៤ និង ១៩៦៥។

គាត់ក៏បានដឹកនាំក្រុម Barcelona និង Atletico Madrid ដោយបានឈ្នះពានរង្វាន់ La Liga ពីរដងជាមួយក្រុមទាំងពីរនេះដែរ។ គាត់ធ្លាប់ឈ្នះ Copa del Rey ជាមួយ Barcelona នៅក្នុង ១៩៥៩ និង ១៩៨១ ផងដែរ ។

ឆ្នាំសកម្ម: ១៩៤៤-១៩៨១
ក្រុមដែលបានគ្រប់គ្រង: Atletico Madrid, Sevilla, Malaga, Barcelona, Internazionale, Roma, Deportivo de la Coruna។

សមិទ្ធិផល
ក្លឹប Atlético de Madrid
- ជើងឯក La Liga (២) ១៩៤៩-៥០, ១៩៥០-៥១
- ពាន Copa Eva Duarte (២) ១៩៥០

ក្លឹប Barcelona
- ជើងឯក La Liga (២) ១៩៥៨-៥៩, ១៩៥៩-៦០
- ពាន Copa del Rey (២) ១៩៥៨-៥៩, ១៩៨០-៨១
- ពាន Inter-Cities Fairs Cup (២) ១៩៥៧-៥៨, ១៩៥៨-៥៩

ក្លឹប Inter Milan
- ជើងឯក Serie A (៣) ១៩៦២-៦៤, ១៩៦៤-៦៥, ១៩៦៥-៦៦
- ពាន European Cup (២) ១៩៦៣-៦៤, ១៩៦៤-៦៥
- ពាន Intercontinental Cup (២) ១៩៦៤, ១៩៦៥

ក្លឹប Roma
- ពាន Coppa Italia (១) ១៩៦៨-៦៩

៧. លោក Brian Clough
ជាគ្រូបង្វឹកដែលគេស្គាល់ថាចូលចិត្តលេងដោយប្រើកម្លាំង និងមាឌដើម្បីមានប្រៀបទៅលើគូប្រកួត លោក Brian Clough ជាគ្រូបង្វឹកជោគជ័យម្នាក់ដែលបានបង្កើតប្រវត្តិសាស្រ្តជាមួយក្រុមក្នុងក្របខ័ណ្ឌ Championship របស់អង់គ្លេសបច្ចុប្បន្ន គឺ Nottingham Forest ។
លោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ European Championship ចំនួនពីរដងគឺក្នុងឆ្នាំ ១៩៧៩ និង ១៩៨០ និងពានរង្វាន់ League Cup ចំនួនបួនដង ព្រមទាំង Charity Shield ចំនួនមួយផងដែរ ។

ឆ្នាំសកម្ម: ១៩៦៥-១៩៩៣
ក្រុមដែលបានគ្រប់គ្រង: Hartlepools United, Derby County, Brighton & Hove Albion, Leeds United, Nottingham Forest។ 

សមិទ្ធិផល
ក្លឹប Derby County
- ជើងឯក First Division (១) ១៩៧១-៧២
- ពាន Second Division (១) ១៩៦៨-៦៩
- ពាន Texaco Cup (១) ១៩៧១-៧២
- ពាន Watney Cup (១) ១៩៧០

ក្លឹប Nottingham Forest
- ជើងឯក First Division (១) ១៩៧៧-៧៨
- ពាន League Cup (៤) ១៩៧៧-៧៨, ១៩៧៨-៧៩, ១៩៨៨-៨៩, ១៩៨៩-៩០
- ពាន Full Members Cup (២) ១៩៨៨-៨៩, ១៩៩១-៩២
- ពាន FA Charity Shield (១) ១៩៧៨
- ពាន European Cup (២) ១៩៧៨-៧៩, ១៩៧៩-៨០
- ពាន European Super Cup (១) ១៩៧៩
- ពាន Anglo-Scottish Cup (១) ១៩៧៦-៧៧

៨. លោក Matt Busby
Matt Busby ត្រូវបានគេចងចាំក្នុងចិត្តដោយគាត់បានកសាងក្រុមដ៏អស្ចារ្យមួយជាមួយ Manchester United បន្ទាប់ពីបានចូលរួមជាមួយក្រុមក្នុងឆ្នាំ ១៩៤៥ ។ ក្នុងទសវត្សទី ៥០ គាត់បានធ្វើឲ្យក្លឹបជោគជួយជាមួយនឹងការឈ្នះលីកចំនួនបីដង ហើយត្រូវបានគេឲ្យរហស្សនាមថា 'Busby Babes'។ ជាអកុសល ក្រុមបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងទីក្រុង Munich ដោយសម្លាប់ជីវិតកីឡាករបាល់ទាត់របស់ក្រុមចំនួនប្រាំបីនាក់។

គាត់បានកសាងក្រុមសាជាថ្មីដោយបានឈ្នះ Championship ក្នុងឆ្នាំ ១៩៦៧ និង European Cup ក្នុងឆ្នាំបន្ទាប់ ។ លោក Matt Busby បានឈ្នះ Championship ចំនួនប្រាំ FA Cups ចំនួនពីរ Charity Shields ចំនួនប្រាំ និង European Cup ក្នុងឆ្នាំ ១៩៦៨ ដោយបានបំបាក់ជើងខ្លាំង Benfica ដោយលទ្ធផល ៤-១ ។

ឆ្នាំសកម្ម: ១៩៤៥-១៩៧១
ក្រុមដែលបានគ្រប់គ្រង: Manchester United, Scotland, Great Britain។ 

សមិទ្ធិផល
ក្លឹប Manchester United
- ជើងឯក First Division (៥) ១៩៥១-៥២, ១៩៥៥-៥៦, ១៩៥៦-៥៧, ១៩៦៤-៦៥, ១៩៦៦-៦៧
- ពាន FA Cup (២) ១៩៤៧-៤៨, ១៩៦២-៦៣
- ពាន FA Charity Shield (៥) ១៩៥២, ១៩៥៦, ១៩៥៧, ១៩៦៥, ១៩៦៧
- ពាន European Cup (១) ១៩៦៧–៦៨

៩. លោក Jose Mourinho
លោក Jose Mourinho គឺជាគ្រូបង្វឹកកំពូលម្នាក់ក្នុងចំណោមគ្រូបង្វឹកឆ្នើមក្នុងពេលបច្ចុប្បន្ន ដោយឈ្នះពានរង្វាន់សំខាន់ៗជាច្រើនក្នុងអាជីពជាគ្រូបង្វឹក។ គាត់ត្រូវបានគេសរសើរពីក្បួនបិទ និងប្រយុទ្ធដ៏អស្ចារ្យរបស់គាត់ និងវិធីប្រើកីឡាករឲ្យបញ្ចេញសមត្ថិភាពឲ្យអស់ពីខ្លួន។ លោក Jose Mourinho បានឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម FC Porto ក្នុងឆ្នាំ ២០០៤ និង Inter Milan ក្នុងឆ្នាំ ២០១០ និងពិសេសជាងគេគឺបានដឹកនាំក្រុម Chelsea លើកពានរង្វាន់ Premier League បីដងគឺក្នុងឆ្នាំ ២០០៥, ២០០៦ និង ២០១៤ ។

ឆ្នាំសកម្ម: ២០០០ ដល់បច្ចុប្បន្ន
ក្រុមដែលបានគ្រប់គ្រង: Benfica, Porto, Uniao de Leiria, Chelsea, Inter Milan, Real Madrid។

សមិទ្ធិផល
ក្លឹប Porto
- ជើងឯក Primeira Liga (២) ២០០២-០៣, ២០០៣-០៤
- ពាន Taça de Portugal (១) ២០០២-០៣
- ពាន Supertaça Cândido de Oliveira (១) ២០០៣
- ពាន UEFA Champions League (១) ២០០៣-០៤
- ពាន UEFA Cup (១) ២០០២-០៣

ក្លឹប Chelsea
- ជើងឯក​ Premier League (៣) ២០០៤-០៥, ២០០៥-០៦, ២០១៤-១៥
- ពាន FA Cup (១) ២០០៦-០៧
- ពាន Football League Cup (៣) ២០០៤-០៥, ២០០៦-០៧, ២០១៤-១៥
- ពាន FA Community Shield (១) ២០០៥

ក្លឹប Inter Milan
- ជើងឯក Serie A (២) ២០០៨-០៩, ២០០៩-១០
- ពាន Coppa Italia (១) ២០០៩-១០
- ពាន Supercoppa Italiana (១) ២០០៨
- ពាន UEFA Champions League (១) ២០០៩-១០

ក្លឹប Real Madrid
- ជើងឯក La Liga (១)​ ២០១១-១២
- ពាន Copa del Rey (១) ២០១០-១១
- ពាន Supercopa de España (១) ២០១២

១០. លោក Ottmar Hitzfeld
លោក Ottmar Hitzfeld បានឈ្នះ Bundesliga ចំនួន ៧ លើក ក្នុងនោះ ៥ លើកជាមួយក្រុម Bayern Munich និង ២ លើកទៀតជាមួយ Borusia Dortmund ។ គាត់ក៏បានដឹកនាំក្រុមយក្សអាល្លឺម៉ង់ទាំងពីរនេះឲ្យឈ្នះពាន UEFA Champions League ផងដែរ ដោយជាមួយ Dortmund ក្នុងឆ្នាំ ១៩៩៧ និង Bayern Munich ក្នុងឆ្នាំ ២០០១ ។ គាត់ធ្លាប់ជួយឲ្យក្រុម FC Aarau និង Grasshopper របស់ស្វីសឲ្យឈ្នះពានផងដែរ ។

ឆ្នាំសកម្ម: ១៩៨៣-២០១៤
ក្រុមដែលបានគ្រប់គ្រង: Aarau, Grasshopper, Zug 94, Borussia Dortmund, Bayern Munich។ 

សមិទ្ធិផល
ក្លឹប FC Aarau
- ពាន Swiss Cup (១)​ ១៩៨៥

ក្លឹប Grasshopper
- ជើងឯក Swiss Super League (២) ១៩៨៩-៩០, ១៩៩០-៩១
- ពាន Swiss Cup (២) ១៩៨៩, ១៩៩០
- ពាន Swiss Super Cup (១) ១៩៨៩

ក្លឹប Borussia Dortmund
- ជើងឯក Bundesliga (២)1994-95, 1995-96
- ពាន DFB-Supercup (២) ១៩៩៥, ១៩៩៦
- ពាន UEFA Champions League (១) ១៩៩៦-៩៧

ក្លឹប Bayern Munich
- ជើងឯក Bundesliga (៥) ១៩៩៨-៩៩, ១៩៩៩-០០, ២០០០-០១, ២០០២-០៣, ២០០៧-០៨
- ពាន DFB-Pokal (៣) ១៩៩៩-០០, ២០០២-០៣, ២០០៧-០៨
- ពាន DFB Ligapokal (៤) ១៩៩៨, ១៩៩៩, ២០០០, ២០០៧
- ពាន UEFA Champions League (១) ២០០០-០១
- ពាន Intercontinental Cup (១) ២០០១៕ 

adverise with khmeread
ប្រភព៖ វីគីភេឌា

មតិយោបល់