Idol ក្នុងវិស័យ K-pop ម្នាក់ទៀតហើយជាប់ផុងក្នុងរឿងអាស្រូវផ្លូវភេទ

រឿងអាស្រូវផ្លូវភេទក្នុងវិស័យ K-pop ដ៏គួរឱ្យភ្ញាក់ផ្អើលបានផ្ទុះកក្រើកជាលើកទីពីរ ខណៈតារាចម្រៀងម្នាក់ ដែលជាប់លេខពីរក្នុងកម្មវិធីប្រឡងទេពកោសល្យកំពូលរបស់កូរ៉េខាងត្បូងនោះ បានសារភាពថាលួចថតវីដេអូខ្លួនកំពុងរួមភេទជាសម្ងាត់ ហើយចែករំលែកវីដេអូនោះជាមួយតារាដទៃទៀត។

Jung Joon-young អាយុ ៣០ ឆ្នាំបានប្រកាសចូលនិវត្តន៍ភ្លាមៗពីវិស័យសិល្បៈ ចំពេលមានការចោទប្រកាន់ថា រូបគេបានថតនិងចែករំលែករូបភាពសិចដោយគ្មានការយល់ព្រមពីដៃគូរួមភេទ។

Jung Joon-young បាននិយាយថា "ខ្ញុំសារភាពចំពោះបទឧក្រិដ្ឋទាំងអស់របស់ខ្ញុំ"។

តារារូបនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារថា "ខ្ញុំបានថតស្រីៗជាច្រើនដោយគ្មានការយល់ព្រម ហើយបានចែករំលែកវានៅក្នុង Chatroom ហើយខណៈពេលដែលខ្ញុំធ្វើដូច្នេះ ខ្ញុំមិនបានចាប់អារម្មណ៍ថាមានទោសកំហុសនោះទេ"។

ទូរទស្សន៍ក្នុងស្រុក SBS បានរាយការណ៍ថា Jung Joon-young គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករ៣នាក់នៅក្នុង Chatroom កន្លែងដែលសមាជិកខ្លះបានចែករំលែកវីដេអូសម្ងាត់នៃការរួមភេទជាមួយស្ត្រីយ៉ាងហោចណាស់ ១០ នាក់ ។

SBS បានផ្សាយថា Seungri សមាជិកក្រុមចម្រៀងបុរសដ៏ជោគជ័យ BIGBANG ដែលបានប្រកាសពីការចូលនិវត្តន៍របស់គាត់ពីវិស័យសិល្បៈកាលពីថ្ងៃចន្ទចំពេលកំពុងមានការស៊ើបអង្កេតបទល្មើសរកស៊ីផ្លូវភេទនោះ ក៏ជាសមាជិកម្នាក់នៃ Chatroom នោះដែរ។

តារា K-Pop ជាទូទៅបានសាបព្រោះរូបភាពស្អាតស្អំនិងត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ជាការនាំចេញវប្បធម៌ដ៏សំខាន់ ហេតុដូច្នេះរឿងអាស្រូវបែបនេះកើតឡើងគឺកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើល។

ក្នុងឆ្នាំ ២០១៦ Jung Joon-young ត្រូវបានចោទប្រកាន់ពីបទថតវីដេអូជាមួយដៃគូរួមភេទដោយគ្មានការយល់ព្រមនិងមិនបានឱ្យនាងដឹង ប៉ុន្តែរដ្ឋអាជ្ញាបានទម្លាក់ចោលករណីនេះ ដោយសារខ្វះភស្តុតាង បន្ទាប់ពីនាងបានដកការចោទប្រកាន់របស់នាងវិញ។

មន្រ្តីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលនឹងសួរចម្លើយ Jung Joon-young នៅចុងសប្តាហ៍នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត