គាស់បង្អួចឈើបន្ទប់លួចសម្ភារៈសំណង់នៅសាលាបឋមសិក្សាច្បារអំពៅ១ ត្រូវប៉ូលិសវ៉ៃខ្នោះ

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ដែលជាមនុស្សញៀនថ្នាំ​ បានធ្វើសកម្មភាព គាស់បង្អួចឈើបន្ទប់លួចម៉ូទ័រ និងប៉ុសផ្សាដែក នៅបន្ទប់រោងជាងក្នុងសាលាបឋមសិក្សាច្បារអំពៅ១ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ មីនា ២០១៩ ម៉ោង៣ និង៣០នាទីរសៀល​ បន្ទាប់មួយថ្ងៃត្រូវបានប៉ូលិសឃាត់ខ្លួន​។ 

​ប៉ូលិសនិយាយថា​ ដើមបណ្តឹងឈ្មោះ វ៉ាន ពុទ្ធី ភេទ ប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នាយកសាលា ស្នាក់នៅផ្ទះលេខ២៦J ភូមិព្រែកពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ឡេង ថាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (អ្នកសមគំនិត)។

​ប៉ូលិសបន្តថា មុនពេលកើតហេតុដើមបណ្តឹងបានចាក់សោទ្វារបន្ទប់រោងជាងក្នុងសាលា (ចំណុចកើតហេតុ) ទុកសម្ភារៈខាងលើ។ រហូតដល់ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី ១២មីនា ២០១៩ ដើមបណ្តឹងដើរមកមើល បន្ទប់រោងជាង ឃើញស្នាមគាស់បង្អួចឈើបន្ទប់ចូលលួចម៉ូទ័រកាត់ដែក០១គ្រឿង និងប៉ុសផ្សាដែក០១គ្រឿង ក៏មកដាក់ពាក្យបណ្តឹង នៅទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ១។ 

​លុះដល់ថ្ងៃទី ១៣ មីនា ២០១៩ ម៉ោង១១ និង ៣០នាទី សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ឡេង ថាវី (អ្នកសមគំនិត) នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ។ 

ក្រោយពីសាកសួររួច ជនសង្ស័យឈ្មោះ ឡេង ថាវី បានសារភាពថា ឈ្មោះ សុខ ចាន់ ជាអ្នកលួចយកសម្ភារៈខាងលើមកជួបខ្លួន រួចនាំគ្នាយកទៅលក់ឱ្យគេនៅម្តុំទួលទំពូងបានលុយ ៧០ដុល្លារ ចែកគ្នាស៊ីចាយអស់។ បន្ទាប់មកសមត្ថកិច្ចយើងក៏នាំជនសង្ស័យទៅដកហូតយកម៉ូទ័រ និង ប៉ុសផ្សាដែកមកវិញ ទុកធ្វើជាវត្ថុតាង៕


 

adverise with khmeread