លួចម៉ាស៊ីនបូមទឹកបាន៥ថ្ងៃត្រូវបានប៉ូលិសប៉ុស្តិ៍រដ្ឋបាលសិត្បូវ៉ៃខ្នោះ

កណ្ដាល​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងបានចាប់ខ្លួននាថ្ងៃទី១៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពី​បានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ពលរដ្ឋ ដែលទុកក្នុងចម្ការដើម្បីស្រោចដំណាំជី កើតឡើងកាលពីវេលាម៉ោង៩ និង១០នាទី យប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាលកន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រ៊ុន សុខហេង ហៅអាក្មេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះឈ្មោះ ធិន វ៉ាន់ធួន ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង។ ដោយឡែកវត្ថុតាងដកហូតបានម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង(ប្រើប្រេងម៉ាស៊ូត)។

ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះបានយកម៉ាស៊ីនបូមទឹករបស់ខ្លួនមកទុកនៅដីចម្ការដើម្បីស្រោចជី។ លុះមកដល់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩យប់ ជនរងគ្រោះបានទៅមើលដំណាំជីរបស់ខ្លួន ហើយបានដើរទៅមើលម៉ាស៊ីនស្រាប់តែមិនឃើញ ហើយគិតថាមានចោរលួច។ ភ្លាមនោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសិត្បូ ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមច្បាប់។

ក្រោយពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលសិត្បូទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះក៏ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ យកមកអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស្រ៊ុន សុខហេង ហៅអាក្មេង បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះប្រាកដមែន បន្ទាប់ពីលួចបាន ខ្លួនបានយកម៉ាស៊ីននោះទៅទុកផ្ទះឈ្មោះ សាំង វ៉ាន់នី៕


 

adverise with khmeread