ដុតម៉ូតូ១គ្រឿងឆេះខ្ទេច និងយកចំណីសត្វជ្រូក៥បាវទម្លាក់ចោលក្នុងទឹក, ទ្រាំមិនបានឪពុកម្តាយប្តឹងដាក់ខ្នោះ

កណ្ដាល​ ៖​ ប៉ូលិសបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនាថ្ងៃទី១៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីប៉ូលិសស្រុកកោះធំបានឃាត់ខ្លួន​  ខណៈធ្វើសកម្មភាពរករឿងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះជាញឹកញាប់ និងបានយកម៉ូតូរបស់ម្ដាយឪពុករបស់ខ្លួនដុតបំផ្លាញចោលថែមទៀតកើតឡើង នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា យុវជនសង្ស័យឈ្មោះ វុទ្ធី មករា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ិន វណ្ណា ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។ យុវជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល​។ ចំណែកសម្ភារៈខូចខាតមាន ម៉ូតូ១គ្រឿង និងចំណីសត្វជ្រូក៥បាវ​។

​តាមការបំភ្លឺរបស់ឪពុកម្ដាយយុវជនសង្ស័យបានឱ្យដឹងថា កន្លងមកយុវជនសង្ស៏យជាកូនបង្កើតរបស់ជនរងគ្រោះ តែងបានបង្កហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ដូចជា ចាន ឆ្នាំង វិទ្យុ ទូរទស្សន៍...ជាដើម និងពុំស្ដាប់ការអប់រំទូន្មានរបស់ឪពុកម្ដាយទេ​។   

​លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទីជនសង្ស័យឈ្មោះ វុទ្ធី មករា បានរអ៊ូរទាំក្នុងផ្ទះនិងបានរករឿងឪពុកម្ដាយ និងបានយកចំណីសត្វជ្រូកចំនួន៥បាវ ទៅបោះចោលក្នុងទឹកព្រែក ហើយបានយកកូនកាំបិត គប់ជញ្ជាំងផ្ទះទៀត​។ 

​លុះមកដល់វេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែលជនសង្ស័យរូបនេះ បានយកម៉ូតូរបស់ឪពុកម្ដាយ១គ្រឿង ដុតបំផ្លាញចោលខូចខាតទាំងស្រុង ដែលជាហេតុធ្វើឱ្យរូបគាត់ជាម្ដាយឪពុកទ្រាំនឹងទង្វើរបស់កូនពុំបាន ក៏សម្រេចចិត្ដប្ដឹងសមត្ថកិច្ចស្រុកឱ្យធ្វើការចាប់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋានស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...