ប៉ូលិសព្រហ្មទណ្ឌក្រសួងចាប់ខ្លួនចោរឆក់កាបូបម្នាក់បញ្ជូនទៅតុលាការ

​ភ្នំពេញ ៖​ ​ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការនៅថ្ងៃទី១៣ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីប៉ូលិសដេញតាមរហូតមកដល់ចំណុចបុរីកីឡា​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ចាប់ខ្លួនបាន​មកធ្វើការសាកសួរ​  កាលពីវេលាម៉ោង៤ និង​ ៣០នាទីល្ងាច​ នាថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩​ ចំណែកបក្ខពួកម្នាក់ទៀតរត់បាត់​។
 
​ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យឈ្មោះ សេង​ ធី​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ បានឆ្លើយសារភាពថា​ កាលពីថ្ងៃកើតហេតុខ្លួនជាអ្នកបិទគូទពីក្រោយ​ ជិះម៉ូតូម៉ាកហុងដាឃ្លីក​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HK-7405 និងឈ្មោះ អាតឿ​ (ឈ្មោះហៅក្រៅ)​ ជិះម៉ូតូម៉ាកហុងដាឌ្រីម​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ ២០១៩​ ពាក់ស្លាកលេខ ភ្នំពេញ 1HN-8873 ជាអ្នកធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច។ 

​ក្រោយមក​ក៏ជិះម៉ូតូរត់មកដល់ផ្សារឃ្លាំងរំសេវ​ បានឆែកកាបូបស្ពាយឃើញមានប្រាក់ដុល្លារ ៥០ ដុល្លារ​ ប្រាក់រៀល​ ១០០,០០០ រៀល​ ទូរស័ព្ទចំនួន២គ្រឿង Iphone 6 និង iphone X លក់បានប្រាក់៤០០ដុល្លា​រ​ រួចចែកគ្នាក្នុងម្នាក់ចំនួន២០០ ដុល្លារ។​ 

​ប៉ូលិសបន្តថា កាលពីថ្ងៃទី៥ ខែមីនា​ ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០នាទី​ ជនសង្ស័យខាងលើ រួមនឹងបក្សពួកម្នាក់ទៀត ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច​ នៅត្រង់ចំណុចមុខគ្លីនិចវិបុលសុខ​ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ខណ្ឌ៧មករា​​។  

​ឆ្លងតាមការសាកសួរ​ និងចម្លើយបំភ្លឺពីជនសង្ស័យ​ ឈ្មោះ​ សេង​ ធី​ បានសារភាពថាខ្លួន​ និងឈ្មោះ​ អាតឿ​ (ឈ្មោះហៅក្រៅ)​គឺពិតជាបានធ្វើសកម្មភាពឆក់កាបូប​ បានសម្រេចពិតប្រាកដមែន​ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។ 

​បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបាន​ កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការទៅតាមផ្លូវច្បាប់​៕


 

adverise with khmeread