adverise with khmeread 1

ពួក​ជើងកាង​វាយប្រហារ​អ្នកដំណើរ​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​តំបន់​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុងប្រទេស​ប្រេ​ស៊ី​ល​

​    ​វីដេអូ​មួយ​បានបង្ហាញ​នៅលើ​អ៊ី​ធឺ​ណេ​ត​ស្តីពី​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ការឆក់ប្លន់​ភ្ញៀវទេសចរ​ទាំង​កណ្តាលថ្ងៃត្រង់​នៅ​ម្តុំ​ទីតាំង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ក្នុង​ទីក្រុង Rio de Janeiro​។​

​    ​នៅក្នុង​វីដេអូ​នោះបាន​បង្ហាញថា ក្រុមចោរ​មួយ​ក្តាប់​តូច​បាន​តាម​ពីក្រោយ​អ្នកដំណើរ​ដើម្បី​ប្លន់​ក្នុង​ម៉ោង​ដ៏​ម​ម៉ា​ញឹក​នៅ​កណ្តាល​ទីក្រុង​។ ទីក្រុង​ដែល​សម្បូរ​ទៅដោយ​បទឧក្រិដ្ឋ​មួយ​នេះ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​អូឡាំពិក​ឆ្នាំនេះ​។​

​    ​ថ្វីបើ​ការប្រកួត​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែសីហា​ខាងមុខ​ក្តី ក៏ប៉ុន្តែ​ក្រុមចោរ​ទំនើង​ទាំងនេះ​ត្រូវបាន​ថត​ជាប់​ក្នុង​កាមេរ៉ា​កំពុង​គ្នា​ធ្វើ​សកម្មភាព​វាយប្រហារ​អ្នកដំណើរ​តាម​សាធារណៈ​ដោយ​ឥត​កោតក្រែង​អ្វី​បន្តិច​ឡើយ​នៅតាម​ដងផ្លូវ Avenida Rio Branco ។​

​    ​អ្នកដំណើរ​ដែល​គ្មាន​នរណា​ជួយ​នោះ ត្រូវ​បានឃើញ​ក្នុង​វីដេអូ​ឃ្លី​ប​កំពុងតែ​រត់គេចខ្លួន​ពី​ជន​អន្ធពាល ដែល​ពួកវា​ទាំង​នោះបាន​ដាល់​និង​រុញ​ភ្ញៀវទេសចរ​ទៅលើ​ដី​ក្នុង​គោលបំណង​លួច​របស់​មានតម្លៃ​។​

​    ​ជនពាល​ម្នាក់ទៀត​បាន​ឆ្លងផ្លូវ​ដើម្បី​លួច​ទូរស័ព្ទ​របស់​អ្នកដំណើរ​តាម​រថយន្តក្រុង​តាមរយៈ​បង្អួច​ឡាន​យ៉ាង​អនាធិបតេយ្យ​។ អវត្តមាន​របស់​ប៉ូលិស​បាន​បង្ខំចិត្ត​ឱ្យ​អ្នក​ឈរ​មើល​សម្រេចចិត្ត​បំពាន​ច្បាប់​ដើម្បី​ដក​កាំភ្លើង​ភ្ជង់​ទៅលើ​ពួក​យូ​កូ​ង​ទាំងនោះ​។​

​    ​វីដេអូ​នោះ​ត្រូវបាន​ថត​បន្ទាប់ពី​អ្នកជំនួញ​ម្នាក់​ធុញទ្រាន់​ចំពោះ​សម្រែក​ឲ្យ​ជួយ​នៅតាម​ផ្លូវ ហើយ​គាត់​បានសម្រេច​ចិត្ត​ទាញ​កាមេរ៉ា​ថត​តែម្តង​។​

​    ​អ្នកជំនួញ​ម្នាក់​នោះបាន​ប្រាប់​ទូរទស្សន៍​ក្នុង​តំបន់​ថា "​ខ្ញុំ​តែងតែ​ប្រាប់​អ្នក​គ្រប់គ្នា​ដែល​ខ្ញុំ​ជួប​តាមផ្លូវ​ដែល​ពាក់​ខ្សែក​ឬក៏​មាន​ទូរស័ព្ទ​ជាប់​ខ្លួន​ឲ្យ​ទុក​វា​ឆ្ងាយ​ពី​ខ្លួន​។ វា​ពិតជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​ណាស់​សម្រាប់អ្នកទេសច​រ​។ ខ្ញុំ​ឃើញ​មនុស្ស​ជាច្រើន​ត្រូវបាន​ចោរឆក់​ប្លន់​"៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់