ប្រពន្ធទៅធ្វើការនៅរោងចក្រ, ទុកកូនឱ្យប្តីមើល​ វាយកូនរហូតដល់ស្លាប់ត្រូវប៉ូលិសឃាត់ខ្លួន

​ភ្នំពេញ ៖ បុរសម្នាក់ជាឪពុករបស់កូនក្មេងម្នាក់ ដែលស្លាប់ត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៩​ បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យលើសាកសពក្មេងមានស្លាកស្នាមវាយធ្វើបាបរហូតឈឺធ្ងន់ដេកពេទ្យ​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ​ ក្រោយមកបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ។ 

​ប៉ូលិសនិយាយថា កុមាររងគ្រោះឈ្មោះ រិទ្ធី រ៉ាទី ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិត្រាំង ដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១ព្រឹក ឈ្មោះ ន័យ រិទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ​។ វត្ថុតាងចាប់យក ដែកព្យួរខោអាវមួយនិងអំបោសបបោសមួយ​។

​ប៉ូលិសបន្តថា​ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧ព្រឹក ឈ្មោះ ស្រេង សុភ័ក្ត្រ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានចេញពីផ្ទះជួល ស្ថិតនៅ ភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ទៅធ្វើការរោងចក្រ ហើយបានទុកកូនតូចៗចំនួន០២នាក់ ទី១-ឈ្មោះ រិទ្ធី រ៉ាទី ភេទប្រុស អាយុ០៣ឆ្នាំ និង ទី២-ឈ្មោះ រិទ្ធី លាងអ៊ី ភេទស្រី អាយុ០១ឆ្នាំកន្លះ នៅជាមួយជនសង្ស័យឈ្មោះ ន័យ រិទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់កុមារងគ្រោះ​។ 

​ពេលនោះកុមាររងគ្រោះ (សព) ​ក៏បានយំទារទៅតាមម្តាយ ធ្វើឱ្យជនសង្ស័យខឹងកូនទាំង០២នាក់ខាងលើ រួចក៏បានយកអំបោស និងដែកព្យួរខោអាវវាយទៅលើកុមារងគ្រោះ (សព) ត្រង់កំប៉េះគូទ ជើង និងដងខ្លួន ហើយនិយាយសំឡុតឱ្យឈប់យំ​។ 

​លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង១០ និង៤០នាទី កុមារងគ្រោះ (សព) បានប្រកាច់រមួលដៃ រមួលជើង ស្រែកយំខ្លាំងៗ រហូតដល់ម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបឈ្មោះ ស្រេង សុភ័ក្ត្រ ចេញពីធ្វើការរោងចក្រ ជនសង្ស័យក៏បានខ្ចីម៉ូតូអ្នកជិតខាង ឌុបប្រពន្ធ និងកុមាររងគ្រោះ (សព) ទៅមន្ទីរពេទ្យគន្ធបុប្ផា នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​។ 

​នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ជនសង្ស័យនិងប្រពន្ធថា កុមារងគ្រោះ (សព) បានបាត់បង់ជីវិតហើយ ។ រហូតដល់វេលាម៉ោង០៧ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យ និងប្រពន្ធ បាននាំយកកុមារងគ្រោះ (សព) ទៅវត្តវ៉ារិន្ទ ព្រែកលៀប ផ្លូវជាតិលេខ ៦A​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ  ដើម្បីបូជាតាមប្រពៃណី​។ 

​ប៉ុន្តែក្រុមគ្រួសារខាងប្រពន្ធ របស់ជនសង្ស័យ បានមកចូលរួមឃើញមានស្នាម នៅលើដងខ្លួនរបស់កុមារងគ្រោះ (សព) ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ឱ្យជួយអន្តរាគមន៍ ពិនិត្យទៅលើ (សព) កុមារងគ្រោះ ។ 

​បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ រាជធានីភ្នំពេញ បានចុះទៅធ្វើកោសល្យ វិច័យឃើញមានស្លាកស្នាមនៅលើដងខ្លួន (សព) ជាច្រើនកន្លែង ដែលជាស្លាកស្នាមប្រើអំពើហិង្សា រួចសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ក៏បានរាយការណ៍មក សមត្ថកិច្ចខណ្ឌដង្កោចុះ ទៅសហការឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់​។

​ក្រោយពីបានធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពថា «រូបគេពិតជាបានប្រើអំពើហិង្សាទៅលើកុមារងគ្រោះ ត្រូវជាកូនបង្កើត ដោយយកអំបោស និងដែកព្យួរខោអាវ វាយទៅលើកូនប្រុសបង្កើត (សព) បណ្តាលឱ្យមាន ស្លាកស្នាមជាច្រើនប្រាកដមែន»។

​ប៉ុន្តែតាមការពិនិត្យសាកសព ការបញ្ជាក់របស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងលិខិតមរណៈភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាលេខ ៣១៣ ថាស្លាប់ដោយជំងឺរលាកសួតធ្ងន់ធ្ងរ (EV71)​។ សពកុមារងគ្រោះ សមត្ថកិច្ចក៏បានប្រគល់ទៅឱ្យម្តាយបង្កើតយក ទៅធ្វើបុណ្យនៅវត្តវ៉ារិន្ទ ព្រែកលៀបតាមប្រពៃណីតែម្តង​។

​បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចខណ្ឌដង្កោ​​ បានធ្វើ ការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab