ប៉ូលិសម្នាក់និងប៉េអឹមម្នាក់ដេញ​តាមរថយន្តស្ទូចចាប់​វាយ​បែក​ក្បាល​តៃកុង​ដេររបួស​៦ថ្នេរ​

ភ្នំពេញ ​៖​ តៃកុង​រថយន្ត​ស្ទូច​ធុនធំ​មួយ​គ្រឿង​ បាន​រងរបួស​បែក​ក្បាល​ដេរ​អស់​៦ថ្នេរ​ សង្ស័យបើក​រថយន្ត​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​ មិន​ត្រឹម​ត្រូវ​តាម​ម៉ោង​កំណត់​ ហើយ​សមត្ថកិច្ច​ឃាត់មិន​ព្រមឈប់​ ឬក៏ប្រើប្រាស់សម្ដីមិនសមរម្យមកលើសមត្ថកិច្ច។ 

ហេតុការណ៍នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលាម៉ោង​៨ និង២០នាទី​យប់​ ថ្ងៃទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ត្រង់ចំណុច​ស្តុប​អតីតក​រង្វង់​មូល​កាំកូស៊ីតធី​ តាមបណ្តោយផ្លូវ​៥៩៨​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មាន​បាន​ឱ្យដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ម្នាក់​ បើកបរ​រថយន្ត​ស្ទូចធុនធំ​ ​ម៉ាក​ ឌីវ៉ូ​ ពណ៌​ស​ ជាប្រភេទ​រថយន្ត​ភ្លៅ​ប្រាំ របស់​ក្រុមហ៊ុន​សេងទ្រី​ គ្មានស្លាកលេខ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ក្នុងទិសមកពី​ហ្គេ្រនភ្នំពេញ​ឆ្ពោះ​មក​អតីត​​រង្វង់​មូល​កាំខូស៊ីតធី​ រួម​ទាំង​មាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោកមួយរូប​ និង​មន្ត្រី​កងរាជ​អាវុធហត្ថ​មួយ​រូប​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ ដេញ​តាម​ពីក្រោយ ​រថយន្ត​ស្ទូច​​។ 

លុះមក​ដល់​ចំណុច​កើត​ហេតុ ​រថយន្ត​ស្ទូច​ខាងលើក៏​បាន​ឈប់​ស្តុប​ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​សមត្ថកិច្ច​ចរាចរណ៍​ ​និង​មន្ត្រី​កងរាជ​អាវុធហត្ថ​ទាំង​ពីរ​នាក់​នោះ ​បាន​ជិះ​ម៉ូតូ​មក​កាក់​ចំពីមុខរថយន្ត​ ហើយ​បាន​ដកកាំភ្លើង​ភ្ជង់​គំរាម​តៃ​កុង​រថយន្ត​ខាងលើឱ្យចុះមក​ខាង​ក្រោម។ តៃកុង​ក៏បាន​ចុះពី​លើ​រថយន្ត ​រួចប៉ូលិសចរាចរណ៍ម្នាក់នោះ​ បាន​ចាប់​ក្រៀកតៃកុង​រថយន្ត​ជាប់​ ហើយ​ចំណែកឯ​មន្ត្រី​កងរាជ​អាវុធហត្ថ​ បានយក​កាំភ្លើង​វាយ​ទៅ​លើ​ក្បាល​តៃកុង​រថយន្ត​ស្ទូច​ខាងលើ​ បណ្ដាល​ឱ្យរយះ​ឈាម​ហូរ​ស្រោច​ខ្លួន​​។ 

បន្ទាប់មក​ក៏​មានកម្លាំងសមត្ថកិច្ច​អន្តរាគមន៍​ របស់​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ​ជាច្រើន​រូប បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុហើយ​ក៏បាន​បញ្ជូន​តៃកុង​រថយន្ត​ទៅ​គ្លីនិក​ឯកជន​ សម្ភព​ពន្លឺ​ ដែល​នៅក្បែរ​នោះ​ដើម្បី​ធ្វើការ​ព្យាបាល។​ ដោយ​ឡែក​មន្ត្រី​កងរាជ​អាវុធហត្ថ​ ដែល​ប្រើប្រាស់​ អំពើហិង្សា​ទៅ​លើតៃកុង​​បណ្ដាល​ឱ្យរង​របួស​ បាន​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាមៗ​។ 

សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ បាន​យក​រថយន្ត​ខាងលើទៅ​រក្សា​ទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ ​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​បញ្ជាក់​ថា ​រថយន្ត​នោះ​មាន​កំហុស​អ្វី​នោះទេ​។

តៃកុងដែលបែកក្បាលសម្រាកនៅមន្ទីរពេទ្យ បាននិយាយថា គាត់បានបើករថយន្តដឹកម៉ាស៊ីនទឹកកកឱ្យគេនៅស្គុន (កំពង់ចាម ) រួចត្រឡប់មកភ្នំពេញវិញ ក៏ត្រូវគេប្រាប់ថា ម៉ោង៨យប់ទើបចូលភ្នំពេញបាន ទើបឈប់រថយន្តអែបនៅកែងហ្គ្រេនភ្នំពេញ។ តៃកុងនិយាយទៀតថា ដោយមិនឃើញដាក់បារ៉ាស ខ្លួនក៏បើករថយន្តចូលតែម្តង ទើបសមត្ថកិច្ចដេញតាមបង្កជាហេតុបែបនេះតែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab