ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារគ្រាប់កាំភ្លើងចំនួន៣គ្រាប់ បន្ទាប់ពីឌុបចំចោរបាញ់ប្លន់យកម៉ូតូ តែមិនបានសម្រេច កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅដីវាល ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ម៉ន សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកម៉ូតូដែលជនសង្ស័យប្លន់តែយកមិនបានសម្រេច ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ កំពង់ស្ពឺ 1E-3900។ បន្សល់ទុកកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម គ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ ក្បាលគ្រាប់១ ជនរងគ្រោះរងរបួសក្បាលពីចំហៀងខាងឆ្វេង១គ្រាប់, កដៃស្តាំ១គ្រាប់ និងស្មាខាងឆ្វេង១គ្រាប់ រងរបួសធ្ងន់។
យោងតាមសម្តីជនរងគ្រោះបានឱ្យដឹងថា ដំបូងគាត់ (ជនរងគ្រោះ) ត្រូវបានម្តាយនៅឯស្រុកប្រើឱ្យទៅបើកថ្នាំ នៅមន្ទីរពេទ្យរុស្ស៊ី។ លុះវិលត្រឡប់មកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច មកដល់ចំណុចចំណតរថយន្តក្រុងលូ៥ ភូមិដំណាក់ធំ៣ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានជនសង្ស័យម្នាក់ ហៅឱ្យឌុបជូន ទៅខាងក្រោយសួនកាណាឌីយ៉ា ក្នុងតម្លៃ៤០០០រៀល។
ដោយគិតថាក្បែរផ្ទះរបស់ខ្លួនដែរ ក៏ឌុបមកដល់ចំណុចកើតហេតុ ចំកន្លែងចាក់សំរាមដែលមានសភាពស្ងាត់ ជនសង្ស័យបនឱ្យឈប់ ដកកាំភ្លើងភ្ជង់តែម្តងប្លន់យកម៉ូតូ។
ជនរងគ្រោះបន្តថា ពេលនោះគាត់ប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ ឈានដល់បាញ់៦គ្រាប់ ផ្ទុះ៣គ្រាប់ ត្រូវជនរងគ្រោះ៣កន្លែង។ ដោយស្មារតីនៅរឹង គាត់ក៏ប្រតាយប្រតប់ រហូតធ្លាក់កាំភ្លើង នៅកន្លែងកើតហេតុ ទើបជនសង្ស័យភ័យរត់គេចខ្លួនចូលទៅខាងដី ខណ្ឌមានជ័យបាត់ រួចបង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅពេទ្យ ក្បែរប៉ុស្តិ៍ចោមចៅ១ ជាមុនសិន និងដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ច បន្តស្រាវជ្រាវ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើការសាកសួរ ជុំវិញ រឿងហេតុ ដើម្បីកំណត់មុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ៕
