ស្ត្រីជាគ្រូទាយម្នាក់ដេកស្លាប់ក្នុងផ្ទះ៧ថ្ងៃធុំក្លិនស្អុយខ្លាំងទើបមានអ្នកដឹង

​ភ្នំពេញ ៖ ស្ត្រីជាគ្រូទាយម្នាក់បានដេកស្លាប់ក្នុងរយៈពេល ៧ថ្ងៃមកហើយ រហូតដល់ធុំក្លិនស្អុយខ្លាំង ទើបបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្ទះលេខ ៤៦E៣ ស្ថិតនៅជាន់ទី៣ ក្នុងសង្កាត់អូរឬស្សីទី ១ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ 

​ប៉ូលិសនិយាយថា​ ស្ត្រីរងគ្រោះ ដែលស្លាប់មានឈ្មោះ​ ដួង ពុទ្ធា ​អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ ​មុខរបរជាគ្រូទាយបៀរនៅផ្សារកណ្ដាល សព្វថ្ងៃគាត់រស់នៅតែម្នាក់ឯង ជាស្រ្តីមេម៉ាយនៅផ្ទះកើតហេតុខាងលើ មានកូនចំនួន៣នាក់ (​ស្រីម្នាក់ ប្រុស២នាក់) រស់នៅរៀងៗខ្លួនមិននៅជុំគ្នាទេ។

​ប្រភពពីប្រជាពលរដ្ឋម្នាក់បានឱ្យដឹងថា គាត់រស់នៅជិតខាង ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់ពីមួយថ្ងៃទៅមួយថ្ងៃ ទើបតែថ្ងៃនេះពួកគាត់បានបបួលបងប្អូនដើររកមើល ក៏មកដល់ផ្ទះកើតហេតុ រិតតែធុំក្លិនស្អុយខ្លាំង ក៏អឺតមើលឃើញសាកសពស្រ្តីខាងលើបានដេកស្លាប់នៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង​។ 

​សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្រ្តីខាងលើស្លាប់ដោយសារគាំងបេះដូង ប្រហែលរយៈពេល៧ថ្ងៃមកហើយ ក្នុងសភាពនៅក្នុងផ្ទះម្នាក់ឯង ហើយផ្ទះចាក់គន្លឹះសោពីខាងក្នុងយ៉ាងមាំ​។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឱ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែ​៕

 

adverise with khmeread
tiger
Loading ad ...