ការវិភាគទិន្នន័យប្រអប់ខ្មៅយន្តហោះអេត្យូពីរកឃើញ "ភាពស្រដៀងគ្នាច្បាស់ក្រឡែត" ជាមួយគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់អេត្យូពីបាននិយាយថា ព័ត៌មានបឋមពីកំណត់ត្រាទិន្នន័យជើងហោះហើរនៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដែលបានធ្លាក់កាលពីសប្តាហ៍មុននិងសម្លាប់មនុស្សចំនួន ១៥៧ នាក់ បានបង្ហាញពីភាពស្រដៀងគ្នាយ៉ាងច្បាស់ក្រឡែតជាមួយនឹងគ្រោះមហន្តរាយធ្លាក់យន្តហោះប្រភេទ Boeing ដូចគ្នានៅឥណ្ឌូណេស៊ី។

ការលាតត្រដាងនេះបានកើតឡើងខណៈមនុស្សរាប់ពាន់នាក់បានដើរក្បួននៅក្នុងរដ្ឋធានីអាឌីសអាបេបា ដោយអមដំណើរក្តារមឈូសចំនួន ១៧ នៅឯពិធីបុណ្យសពមួយសម្រាប់ជនរងគ្រោះនៃជើងហោះហើរអេត្យូពីលេខ ៣០២។ ក្តារមឈូសគឺគ្មានសាកសពទេ ពីព្រោះអាជ្ញាធរបាននិយាយថា ការទាញយកសាកសពនិងការកំណត់អត្តសញ្ញាណសាកសពនឹងត្រូវចំណាយពេលរាប់ខែ។

ការធ្លាក់យន្ដហោះជើងហោះហើរលេខ ៣០២ របស់អេត្យូពីនៅថ្ងៃទី ១០ ខែមីនា និងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lion Air នៅឥណ្ឌូណេស៊ីក្នុងខែតុលា ដែលជាប្រភេទយន្តហោះ Boeing 737 Max 8 ដូចគ្នា បានញ៉ាំងឱ្យប្រទេសជាច្រើនផ្អាកដំណើរការរបស់យន្តហោះធុននេះ។

រដ្ឋមន្ត្រីដឹកជញ្ជូនលោកស្រី Dagmawit Moges បានប្រាប់អ្នកយកព័ត៌មានថា កំណត់ត្រាហោះហើរពីជើងហោះហើរលេខ ៣០២ ដែលបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះហើរចេញពីទីក្រុងអាឌីសអាបេបាទៅកាន់ទីក្រុងណៃរ៉ូប៊ី ត្រូវបានរកឃើញក្នុងស្ថានភាពល្អ "ដែលអាចឱ្យយើងទាញយកទិន្នន័យស្ទើរតែទាំងអស់នៅខាងក្នុង"។

លោកស្រី Dagmawit Moges បាននិយាយថា ព័ត៌មានដែលប្រមូលបានពីកំណត់ត្រាទិន្នន័យពីជើងហើរនេះ បានបង្ហាញពីភាពស្រដៀងគ្នាយ៉ាងច្បាស់ក្រឡែតរវាងគ្រោះថ្នាក់ទាំងពីរនេះ។ ទាំងកំណត់ត្រាទិន្នន័យជើងហោះហើរនិងអាត់សំឡេងនៅកាប៊ីនបើកបរត្រូវបានបញ្ជូនទៅទីក្រុងប៉ារីសសម្រាប់ធ្វើវិភាគដោយទីភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ជើងអាកាសរបស់បារាំង BEA ។

លោកស្រី Dagmawit Moges មិនបានគូសបញ្ជាក់លម្អិតអំពីភាពស្រដៀងគ្នានេះទេ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបាននិយាយរួចមកហើយថា ទិន្នន័យតាមដានតាមផ្កាយរណបបានបង្ហាញថា ចលនាបំលាស់ទីនៃជើងហោះហើរលេខ ៣០២ មានលក្ខណៈស្រដៀងគ្នាទៅនឹងជើងហោះហើរលេខ ៦១០​ របស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់នៅឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្ស ១៨៩ នាក់។

យន្តហោះទាំងពីរបានហោះហើរជាមួយនឹងការកាច់ប្តូររយៈកម្ពស់ខុសប្រក្រតី ដែលអាចបង្ហាញថា អ្នកបើកបរមិនអាចគ្រប់គ្រងបញ្ជាយន្ដហោះបានទេ។ បន្ទាប់ពីហោះហើរមិនបានយូរប៉ុន្មានផង អ្នកបើកបរយន្តហោះរបស់ជើងហោះហើរទាំងពីរ (អេត្យូពីនិងឥណ្ឌូនេស៊ី) បានព្យាយាមត្រឡប់ទៅអាកាសយានដ្ឋានវិញ ប៉ុន្តែក៏ស្រាប់តែធ្លាក់ដាំក្បាលចុះតែម្តង។

ការសង្ស័យបានលេចឡើងថា ឧបករណ៍ Sensor ដែលមានបញ្ហា និងសូហ្វវែ ប្រហែលជាបានរួមចំណែកដល់ការធ្លាក់យន្តហោះនេះ។

លោកស្រី Dagmawit Moges បាននិយាយថា រដ្ឋាភិបាលអេត្យូពីមានបំណងបញ្ចេញព័ត៌មានលម្អិតក្នុងរយៈពេលមួយខែទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...